អេសេគាល 30:1-7 KHOV

1 ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ថា

2 កូន​មនុស្ស​អើយ ចូរ​ទាយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទ្រហោ‌យំ​ថា ថ្ងៃ​នោះ​វេទនា​អី​ម៉្លេះ

3 ដ្បិត​ថ្ងៃ​នោះ​ជិត​ដល់​ហើយ គឺ​ជា​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចូល​មក​ជិត​ហើយ ជា​ថ្ងៃ​មីរ​ស្រទំ គឺ​ជា​ពេល​កំណត់​នៃ​អស់​ទាំង​សាសន៍

4 នឹង​មាន​ដាវ​មក​លើ​ស្រុក​អេស៊ីព្ទ ហើយ​សេចក្ដី​តក់‌ស្លុត​នៅ​ក្នុង​ស្រុក​អេធីយ៉ូពី គឺ​ក្នុង​កាល​ដែល​មនុស្ស​ត្រូវ​របួស​ដួល​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ គេ​នឹង​ដឹក‌នាំ​ពួក​ជន​ទាំង‌ឡាយ​របស់​វា​ចេញ​ទៅ ហើយ​ឫស​វា​នឹង​ត្រូវ​បំផ្លាញ​បង់

5 ពួក​សាសន៍​អេធីយ៉ូពី សាសន៍​ពូត សាសន៍​លូឌ និង​អស់​ទាំង​សាសន៍​លាយ‌ឡំ​គ្នា ព្រម​ទាំង​ពួក​គូប​ពួក​កូន​ចៅ​នៃ​ស្រុក​ដែល​ជា​មេត្រី​មិត្រ គេ​នឹង​ដួល​ដោយ​ដាវ​ទៅ​ជា​មួយ​គ្នា។

6 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឯ​ពួក​អ្នក​ដែល​ទប់‌ទល់​ស្រុក​អេស៊ីព្ទ គេ​នឹង​ដួល​ដែរ ហើយ​ទាំង​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​វា នឹង​ត្រូវ​បន្ទាប​ចុះ​ផង គេ​នឹង​ដួល​ដោយ​ដាវ នៅ​ក្នុង​ស្រុក​នោះ ចាប់​តាំង​ពី​ប៉ម​ស៊ីយេន រហូត​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

7 ហើយ​គេ​នឹង​ត្រូវ​ស្ងាត់‌ច្រៀប នៅ​កណ្តាល​ស្រុក​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ចោល​ស្ងាត់ អស់​ទាំង​ទី​ក្រុង​របស់​ស្រុក​នោះ នឹង​នៅ​ក្នុង​ពួក​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ខូច​បង់​ដែរ