10 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងធ្វើឲ្យពួកជនទាំងឡាយនៃស្រុកអេស៊ីព្ទផុតទៅ ដោយសារដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន
11 ស្តេចនោះ និងពួករាស្ត្រផង គឺជាពួកគួរស្ញែងខ្លាចនៅក្នុងអស់ទាំងសាសន៍ គេនឹងនាំគ្នាមកបំផ្លាញស្រុកអេស៊ីព្ទ ហើយនឹងហូតដាវទាស់នឹងស្រុកនោះ ព្រមទាំងបំពេញដោយសាកសពនៃមនុស្សដែលគេសំឡាប់
12 អញនឹងពង្រីងអស់ទាំងទន្លេឲ្យរីងស្ងួតទៅ ហើយនឹងលក់ស្រុកនោះទៅក្នុងកណ្តាប់ដៃនៃមនុស្សអាក្រក់ ក៏នឹងធ្វើឲ្យស្រុកទៅជាស្ងាត់ច្រៀប ព្រមទាំងរបស់ដែលនៅក្នុងស្រុកនោះផង ដោយសារដៃនៃពួកអ្នកដទៃ គឺអញនេះ ជាព្រះយេហូវ៉ា អញបានចេញវាចាហើយ។
13 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងបំផ្លាញអស់ទាំងរូបព្រះ ហើយនឹងធ្វើឲ្យរូបទាំងអស់ផុតបាត់ពីក្រុងណូពទៅ នោះនឹងលែងមានចៅហ្វាយណានៅស្រុកអេស៊ីព្ទទៀត អញនឹងឲ្យសេចក្ដីភ័យខ្លាចគ្របលើស្រុកអេស៊ីព្ទ
14 ហើយនឹងឲ្យស្រុកប៉ាត្រូសនៅស្ងាត់ច្រៀប ព្រមទាំងបង្កាត់ភ្លើងនៅស្រុកសូអាន ហើយសំរេចសេចក្ដីយុត្តិធម៌ដល់ក្រុងនរផង
15 អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញទៅលើស្រុកសីន ជាទីមាំមួនរបស់ស្រុកអេស៊ីព្ទ ហើយនឹងកាត់ពួកបណ្តាជនពីក្រុងនរចេញ
16 អញនឹងបង្កាត់ភ្លើងនៅស្រុកអេស៊ីព្ទ ស្រុកសីននឹងមានសេចក្ដីតក់ស្លុតយ៉ាងខ្លាំង ក្រុងនរនឹងត្រូវបាក់បែក ហើយពួកខ្មាំងសត្រូវនឹងចូលក្រុងណូពទាំងថ្ងៃ