16 អញនឹងបង្កាត់ភ្លើងនៅស្រុកអេស៊ីព្ទ ស្រុកសីននឹងមានសេចក្ដីតក់ស្លុតយ៉ាងខ្លាំង ក្រុងនរនឹងត្រូវបាក់បែក ហើយពួកខ្មាំងសត្រូវនឹងចូលក្រុងណូពទាំងថ្ងៃ
17 ពួកកំឡោះៗនៃក្រុងអាវេន និងក្រុងភី-បែសែត គេនឹងដួលចុះដោយដាវ ទីក្រុងទាំងនោះនឹងត្រូវដឹកនាំទៅជាឈ្លើយ
18 នៅត្រង់ក្រុងតាហាពេនេស នោះថ្ងៃនឹងត្រូវងងឹត ក្នុងកាលដែលអញបំបាក់នឹម នៃស្រុកអេស៊ីព្ទនៅទីនោះ ហើយសេចក្ដីឆ្មើងឆ្មៃនៃអំណាចគេនឹងផុតទៅ ចំណែកស្រុកនោះនឹងមានពពកគ្របបាំងពីលើ ហើយពួកកូនស្រីទាំងប៉ុន្មាន នឹងត្រូវដឹកនាំទៅជាឈ្លើយ
19 គឺយ៉ាងដូច្នោះដែលអញនឹងសំរេចសេចក្ដីយុត្តិធម៌ដល់ស្រុកអេស៊ីព្ទ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
20 លុះដល់ថ្ងៃ៧ ខែចេត្រឆ្នាំ ទី១១ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
21 កូនមនុស្សអើយ អញបានបំបាក់ដៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ក៏ឥតមានអ្នកណានឹងមើល ដើម្បីនឹងលាបថ្នាំ ហើយរុំអបឲ្យមានកំឡាំងអាចកាន់ដាវទៀតបានឡើយ
22 ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញទាស់នឹងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ អញនឹងបំបាក់ដៃវាទាំងសងខាង គឺដៃដែលនៅមាំ និងដៃដែលបាក់ហើយនោះផង អញនឹងធ្វើឲ្យដាវធ្លាក់ចុះពីដៃវា