18 នៅត្រង់ក្រុងតាហាពេនេស នោះថ្ងៃនឹងត្រូវងងឹត ក្នុងកាលដែលអញបំបាក់នឹម នៃស្រុកអេស៊ីព្ទនៅទីនោះ ហើយសេចក្ដីឆ្មើងឆ្មៃនៃអំណាចគេនឹងផុតទៅ ចំណែកស្រុកនោះនឹងមានពពកគ្របបាំងពីលើ ហើយពួកកូនស្រីទាំងប៉ុន្មាន នឹងត្រូវដឹកនាំទៅជាឈ្លើយ
19 គឺយ៉ាងដូច្នោះដែលអញនឹងសំរេចសេចក្ដីយុត្តិធម៌ដល់ស្រុកអេស៊ីព្ទ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
20 លុះដល់ថ្ងៃ៧ ខែចេត្រឆ្នាំ ទី១១ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
21 កូនមនុស្សអើយ អញបានបំបាក់ដៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ក៏ឥតមានអ្នកណានឹងមើល ដើម្បីនឹងលាបថ្នាំ ហើយរុំអបឲ្យមានកំឡាំងអាចកាន់ដាវទៀតបានឡើយ
22 ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញទាស់នឹងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ អញនឹងបំបាក់ដៃវាទាំងសងខាង គឺដៃដែលនៅមាំ និងដៃដែលបាក់ហើយនោះផង អញនឹងធ្វើឲ្យដាវធ្លាក់ចុះពីដៃវា
23 ហើយអញនឹងកំចាត់កំចាយពួកសាសន៍អេស៊ីព្ទ ឲ្យទៅនៅកណ្តាលអស់ទាំងសាសន៍ព្រមទាំងបែងចែកគេទៅក្នុងគ្រប់ទាំងស្រុក
24 អញនឹងចំរើនកំឡាំងដៃនៃស្តេចបាប៊ីឡូន ហើយដាក់ដាវអញទៅក្នុងដៃវា តែអញនឹងបំបាក់ដៃទាំង២របស់ផារ៉ោនវិញ ដូច្នេះ វានឹងថ្ងូរនៅមុខស្តេចបាប៊ីឡូន ដោយដំងូរនៃមនុស្សដែលត្រូវរបួសដល់ស្លាប់