អេសេគាល 31:10-16 KHOV

10 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​បាន​ធំ​ឡើង​យ៉ាង​ខ្ពស់ ហើយ​មាន​កំពូល​លូត​ឡើង​នៅ​កណ្តាល​មែក​ញឹក‌ស្និត ហើយ​មាន​ចិត្ត​ប៉ោង​ឡើង​ដោយ‌សារ​កំពស់​នោះ

11 នោះ​អញ​បាន​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​ដ៏​ខ្លាំង​ពូកែ​របស់​អស់​ទាំង​សាសន៍ អ្នក​នោះ​នឹង​ប្រព្រឹត្ត​នឹង​វា តាម​អំពើ​អាក្រក់​របស់​វា អញ​បាន​បណ្តេញ​វា​ចេញ​ហើយ

12 ពួក​សាសន៍​ដទៃ ជា​ពួក​គួរ​ស្ញែង‌ខ្លាច​នៃ​អស់​ទាំង​សាសន៍ បាន​កាត់​វា​ចេញ ហើយ​បោះ‌បង់​ចោល មែក​វា​បាន​ធ្លាក់​នៅ​លើ​ភ្នំ​ទាំង​ប៉ុន្មាន ហើយ​នៅ​អស់​ទាំង​ច្រក​ភ្នំ​ដែរ មែក​វា​ទាំង​ប៉ុន្មាន​ត្រូវ​បាក់​តាម​អស់​ទាំង​ផ្លូវ​ទឹក​នៅ​ស្រុក​នោះ ហើយ​អស់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ថយ​ចុះ​ពី​ម្លប់​វា ទាំង​ចោល​វា​ទុក​នៅ

13 ឯ​សត្វ​ហើរ​លើ​អាកាស នឹង​មក​អាស្រ័យ​នៅ​លើ​បំណែក ហើយ​អស់​ទាំង​សត្វ​នៅ​ដី​នឹង​មក​អាស្រ័យ​នៅ​លើ​មែក​វា

14 ប្រយោជន៍​មិន​ឲ្យ​អស់​ទាំង​ដើម​ឈើ​ដែល​ដុះ​នៅ​ក្បែរ​ទឹក​បាន​ដំកើង​ខ្លួន ដោយ​មាន​កំពស់ ឬ​លូត​កំពូល​ឡើង​ដល់​ក្នុង​មែក​ញឹក‌ស្និត​ឡើយ ហើយ​មិន​ឲ្យ​ដើម​ណា​ដែល​បឺត​ទឹក បាន​ឈរ​ឡើង ដោយ​មាន​សណ្ឋាន​ខ្ពស់​ដែរ ដ្បិត​វា​ត្រូវ​ប្រគល់​ដល់​សេចក្ដី​ស្លាប់​ទាំង​អស់ គឺ​ដល់​ទី​ទាប​បំផុត​ក្នុង​ផែនដី ឲ្យ​នៅ​កណ្តាល​ពួក​មនុស្ស​ជាតិ ជា​មួយ​នឹង​ពួក​មនុស្ស​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ។

15 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​ថ្ងៃ​ដែល​វា​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​អញ​បាន​ឲ្យ​គេ​យំ​សោក អញ​បាន​គ្រប​ទី​ជំរៅ​ដោយ​ព្រោះ​វា ក៏​បាន​បង្ខាំង​ទន្លេ ហើយ​ទឹក​ធំ​បាន​ឈប់​ទ្រឹង អញ​បាន​ឲ្យ​ព្រៃ​ល្បាណូន​យំ​សោក​នឹង​វា ហើយ​អស់​ទាំង​ដើម​ឈើ​នៅ​ផែនដី បាន​រោយ‌រៀវ​ទៅ​ដោយ​ព្រោះ​វា

16 អញ​បាន​ធ្វើ​ឲ្យ​អស់​ទាំង​សាសន៍​ញាប់‌ញ័រ ដោយ​ឮ​សូរ​វា​រលំ ក្នុង​កាល​ដែល​អញ​បាន​បោះ​វា ទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ អស់​ទាំង​ដើម​ឈើ​នៅ​អេដែន និង​ដើម​ជ្រើស‌រើស ហើយ​ល្អ​បំផុត​នៅ​ព្រៃ​ល្បាណូន គឺ​គ្រប់​ទាំង​ដើម​ឈើ​ដែល​បឺត​ទឹក នោះ​មាន​សេចក្ដី​ក្សាន្ត​ចិត្ត នៅ​ទី​ទាប​បំផុត​ក្នុង​ផែនដី