អេសេគាល 31:13-18 KHOV

13 ឯ​សត្វ​ហើរ​លើ​អាកាស នឹង​មក​អាស្រ័យ​នៅ​លើ​បំណែក ហើយ​អស់​ទាំង​សត្វ​នៅ​ដី​នឹង​មក​អាស្រ័យ​នៅ​លើ​មែក​វា

14 ប្រយោជន៍​មិន​ឲ្យ​អស់​ទាំង​ដើម​ឈើ​ដែល​ដុះ​នៅ​ក្បែរ​ទឹក​បាន​ដំកើង​ខ្លួន ដោយ​មាន​កំពស់ ឬ​លូត​កំពូល​ឡើង​ដល់​ក្នុង​មែក​ញឹក‌ស្និត​ឡើយ ហើយ​មិន​ឲ្យ​ដើម​ណា​ដែល​បឺត​ទឹក បាន​ឈរ​ឡើង ដោយ​មាន​សណ្ឋាន​ខ្ពស់​ដែរ ដ្បិត​វា​ត្រូវ​ប្រគល់​ដល់​សេចក្ដី​ស្លាប់​ទាំង​អស់ គឺ​ដល់​ទី​ទាប​បំផុត​ក្នុង​ផែនដី ឲ្យ​នៅ​កណ្តាល​ពួក​មនុស្ស​ជាតិ ជា​មួយ​នឹង​ពួក​មនុស្ស​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ។

15 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​ថ្ងៃ​ដែល​វា​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​អញ​បាន​ឲ្យ​គេ​យំ​សោក អញ​បាន​គ្រប​ទី​ជំរៅ​ដោយ​ព្រោះ​វា ក៏​បាន​បង្ខាំង​ទន្លេ ហើយ​ទឹក​ធំ​បាន​ឈប់​ទ្រឹង អញ​បាន​ឲ្យ​ព្រៃ​ល្បាណូន​យំ​សោក​នឹង​វា ហើយ​អស់​ទាំង​ដើម​ឈើ​នៅ​ផែនដី បាន​រោយ‌រៀវ​ទៅ​ដោយ​ព្រោះ​វា

16 អញ​បាន​ធ្វើ​ឲ្យ​អស់​ទាំង​សាសន៍​ញាប់‌ញ័រ ដោយ​ឮ​សូរ​វា​រលំ ក្នុង​កាល​ដែល​អញ​បាន​បោះ​វា ទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ អស់​ទាំង​ដើម​ឈើ​នៅ​អេដែន និង​ដើម​ជ្រើស‌រើស ហើយ​ល្អ​បំផុត​នៅ​ព្រៃ​ល្បាណូន គឺ​គ្រប់​ទាំង​ដើម​ឈើ​ដែល​បឺត​ទឹក នោះ​មាន​សេចក្ដី​ក្សាន្ត​ចិត្ត នៅ​ទី​ទាប​បំផុត​ក្នុង​ផែនដី

17 ពួក​ទាំង​នោះ​ក៏​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ជា​មួយ​នឹង​វា ដល់​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ គឺ​ជា​ពួក​អ្នក ជា​ដៃ​របស់​វា ដែល​បាន​ជ្រក​ក្រោម​ម្លប់​របស់​វា នៅ​កណ្តាល​អស់​ទាំង​សាសន៍។

18 ដូច្នេះ តើ​ឯង​ប្រៀប‌ផ្ទឹម​នឹង​សិរី‌ល្អ ហើយ​សណ្ឋាន​ខ្ពស់​របស់​ដើម​ណា ក្នុង​អស់​ទាំង​ដើម​ឈើ​នៅ​អេដែន​នោះ ទោះ​បើ​យ៉ាង​ណា​ក៏​ដោយ គង់​តែ​ឯង​នឹង​ត្រូវ​ចុះ​ទៅ​ឯ​ទី​ទាប​បំផុត​ក្នុង​ផែនដី ជា​មួយ​នឹង​ពួក​ដើម​ឈើ ដែល​នៅ​អេដែន​ទាំង​ប៉ុន្មាន​ដែរ ឯង​នឹង​ដេក​នៅ​ក្នុង​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក ជា​មួយ​នឹង​អស់​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ នេះ​ឯង​គឺ​ជា​ផារ៉ោន និង​ពួក​កក‌កុញ​របស់​វា​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។