14 ប្រយោជន៍មិនឲ្យអស់ទាំងដើមឈើដែលដុះនៅក្បែរទឹកបានដំកើងខ្លួន ដោយមានកំពស់ ឬលូតកំពូលឡើងដល់ក្នុងមែកញឹកស្និតឡើយ ហើយមិនឲ្យដើមណាដែលបឺតទឹក បានឈរឡើង ដោយមានសណ្ឋានខ្ពស់ដែរ ដ្បិតវាត្រូវប្រគល់ដល់សេចក្ដីស្លាប់ទាំងអស់ គឺដល់ទីទាបបំផុតក្នុងផែនដី ឲ្យនៅកណ្តាលពួកមនុស្សជាតិ ជាមួយនឹងពួកមនុស្សដែលចុះទៅក្នុងជង្ហុកធំ។
15 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា នៅថ្ងៃដែលវាចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអញបានឲ្យគេយំសោក អញបានគ្របទីជំរៅដោយព្រោះវា ក៏បានបង្ខាំងទន្លេ ហើយទឹកធំបានឈប់ទ្រឹង អញបានឲ្យព្រៃល្បាណូនយំសោកនឹងវា ហើយអស់ទាំងដើមឈើនៅផែនដី បានរោយរៀវទៅដោយព្រោះវា
16 អញបានធ្វើឲ្យអស់ទាំងសាសន៍ញាប់ញ័រ ដោយឮសូរវារលំ ក្នុងកាលដែលអញបានបោះវា ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ អស់ទាំងដើមឈើនៅអេដែន និងដើមជ្រើសរើស ហើយល្អបំផុតនៅព្រៃល្បាណូន គឺគ្រប់ទាំងដើមឈើដែលបឺតទឹក នោះមានសេចក្ដីក្សាន្តចិត្ត នៅទីទាបបំផុតក្នុងផែនដី
17 ពួកទាំងនោះក៏ចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ជាមួយនឹងវា ដល់ពួកអ្នកដែលត្រូវស្លាប់ដោយដាវ គឺជាពួកអ្នក ជាដៃរបស់វា ដែលបានជ្រកក្រោមម្លប់របស់វា នៅកណ្តាលអស់ទាំងសាសន៍។
18 ដូច្នេះ តើឯងប្រៀបផ្ទឹមនឹងសិរីល្អ ហើយសណ្ឋានខ្ពស់របស់ដើមណា ក្នុងអស់ទាំងដើមឈើនៅអេដែននោះ ទោះបើយ៉ាងណាក៏ដោយ គង់តែឯងនឹងត្រូវចុះទៅឯទីទាបបំផុតក្នុងផែនដី ជាមួយនឹងពួកដើមឈើ ដែលនៅអេដែនទាំងប៉ុន្មានដែរ ឯងនឹងដេកនៅក្នុងពួកអ្នកដែលមិនកាត់ស្បែក ជាមួយនឹងអស់អ្នកដែលត្រូវស្លាប់ដោយដាវ នេះឯងគឺជាផារ៉ោន និងពួកកកកុញរបស់វាផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។