8 អស់ទាំងដើមតាត្រៅដែលនៅសួនច្បារនៃព្រះនឹងបិទបាំងវាមិនបាន ដើមកកោះទាំងប៉ុន្មានមិនប៉ុនមែកវា ហើយដើមសុក្រមក៏មិនស្មើនឹងមែកវាដែរ ឥតមានដើមឈើណាមួយ ក្នុងសួនច្បារនៃព្រះ ដែលមានលំអដូចវាឡើយ
9 អញបានធ្វើឲ្យវាល្អ ដោយមានមែកជាបរិបូរដល់ម៉្លេះបានជាអស់ទាំងដើមឈើនៅអេដែន គឺនៅសួនច្បារនៃព្រះបានច្រណែននឹងវា។
10 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងបានធំឡើងយ៉ាងខ្ពស់ ហើយមានកំពូលលូតឡើងនៅកណ្តាលមែកញឹកស្និត ហើយមានចិត្តប៉ោងឡើងដោយសារកំពស់នោះ
11 នោះអញបានប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃអ្នកដ៏ខ្លាំងពូកែរបស់អស់ទាំងសាសន៍ អ្នកនោះនឹងប្រព្រឹត្តនឹងវា តាមអំពើអាក្រក់របស់វា អញបានបណ្តេញវាចេញហើយ
12 ពួកសាសន៍ដទៃ ជាពួកគួរស្ញែងខ្លាចនៃអស់ទាំងសាសន៍ បានកាត់វាចេញ ហើយបោះបង់ចោល មែកវាបានធ្លាក់នៅលើភ្នំទាំងប៉ុន្មាន ហើយនៅអស់ទាំងច្រកភ្នំដែរ មែកវាទាំងប៉ុន្មានត្រូវបាក់តាមអស់ទាំងផ្លូវទឹកនៅស្រុកនោះ ហើយអស់ទាំងសាសន៍នៅផែនដីបានថយចុះពីម្លប់វា ទាំងចោលវាទុកនៅ
13 ឯសត្វហើរលើអាកាស នឹងមកអាស្រ័យនៅលើបំណែក ហើយអស់ទាំងសត្វនៅដីនឹងមកអាស្រ័យនៅលើមែកវា
14 ប្រយោជន៍មិនឲ្យអស់ទាំងដើមឈើដែលដុះនៅក្បែរទឹកបានដំកើងខ្លួន ដោយមានកំពស់ ឬលូតកំពូលឡើងដល់ក្នុងមែកញឹកស្និតឡើយ ហើយមិនឲ្យដើមណាដែលបឺតទឹក បានឈរឡើង ដោយមានសណ្ឋានខ្ពស់ដែរ ដ្បិតវាត្រូវប្រគល់ដល់សេចក្ដីស្លាប់ទាំងអស់ គឺដល់ទីទាបបំផុតក្នុងផែនដី ឲ្យនៅកណ្តាលពួកមនុស្សជាតិ ជាមួយនឹងពួកមនុស្សដែលចុះទៅក្នុងជង្ហុកធំ។