អេសេគាល 32:12-18 KHOV

12 អញ​នឹង​ធ្វើ​ឲ្យ​ពួក​កក‌កុញ​របស់​ឯង​ដួល ដោយ​ដាវ​នៃ​ពួក​ខ្លាំង​ពូកែ គេ​សុទ្ធ​តែ​ជា​មនុស្ស​គួរ​ស្ញែង‌ខ្លាច នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​ស្រុក​អេស៊ីព្ទ​សូន្យ​បាត់​ទៅ ហើយ​ពួក​កក‌កុញ​របស់​វា​នឹង​ត្រូវ​វិនាស​ទៅ​ដែរ

13 អញ​ក៏​នឹង​បំផ្លាញ​សត្វ​ទាំង​ប៉ុន្មាន​របស់​ស្រុក​នោះ នៅ​ក្បែរ​ផ្លូវ​ទឹក​ជា​ច្រើន នោះ​ជើង​មនុស្ស និង​ជើង​សត្វ នឹង​លែង​ធ្វើ​ឲ្យ​ទឹក​នោះ​ល្អក់​ទៀត

14 អញ​នឹង​ធ្វើ​ឲ្យ​ទឹក​នោះ​ថ្លា​វិញ ក៏​នឹង​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​ហូរ​ដូច​ប្រេង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

15 កាល​ណា​អញ​បាន​ធ្វើ​ឲ្យ​ស្រុក​អេស៊ីព្ទ​ទៅ​ជា​ស្ងាត់‌ច្រៀប ហើយ​ខូច​បង់ ជា​ស្រុក​ខ្វះ‌ខាត​របស់​ដែល​ពី​ដើម​មាន​ជា​បរិបូរ ហើយ​កាល​ណា​អញ​បាន​វាយ​អស់​អ្នក​នៅ​ស្រុក​នោះ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

16 នេះ​ហើយ​ជា​ពាក្យ​ទំនួញ ដែល​គេ​នឹង​ត្រូវ​ទួញ ពួក​កូន​ស្រីៗ​នៃ​អស់​ទាំង​សាសន៍ នឹង​ទួញ​ទំនួញ​ដោយ​ពាក្យ​នេះ គេ​នឹង​ទួញ​ទំនួញ​នឹង​ស្រុក​អេស៊ីព្ទ ហើយ​នឹង​ពួក​កក‌កុញ​វា ដោយ​ពាក្យ​នេះ​ឯង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

17 នៅ​ឆ្នាំ​១២​ដដែល​ដល់​ថ្ងៃ​១៥​ខែ​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា

18 កូន​មនុស្ស​អើយ ចូរ​ទ្រហោ‌យំ​នឹង​ពួក​កក‌កុញ​របស់​ស្រុក​អេស៊ីព្ទ​ចុះ ហើយ​បោះ​គេ​ចុះ គឺ​វា និង​ពួក​កូន​ស្រីៗ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​មាន​ល្បី ទៅ​ក្នុង​ទី​ទាប​ជាង​ផែនដី ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ