15 កាលណាអញបានធ្វើឲ្យស្រុកអេស៊ីព្ទទៅជាស្ងាត់ច្រៀប ហើយខូចបង់ ជាស្រុកខ្វះខាតរបស់ដែលពីដើមមានជាបរិបូរ ហើយកាលណាអញបានវាយអស់អ្នកនៅស្រុកនោះ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
16 នេះហើយជាពាក្យទំនួញ ដែលគេនឹងត្រូវទួញ ពួកកូនស្រីៗនៃអស់ទាំងសាសន៍ នឹងទួញទំនួញដោយពាក្យនេះ គេនឹងទួញទំនួញនឹងស្រុកអេស៊ីព្ទ ហើយនឹងពួកកកកុញវា ដោយពាក្យនេះឯង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
17 នៅឆ្នាំ១២ដដែលដល់ថ្ងៃ១៥ខែនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
18 កូនមនុស្សអើយ ចូរទ្រហោយំនឹងពួកកកកុញរបស់ស្រុកអេស៊ីព្ទចុះ ហើយបោះគេចុះ គឺវា និងពួកកូនស្រីៗរបស់សាសន៍ទាំងប៉ុន្មានដែលមានល្បី ទៅក្នុងទីទាបជាងផែនដី ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ
19 តើឯងមានលំអជាងអ្នកណា ចូរចុះទៅ ហើយឲ្យដេកជាមួយនឹងពួកមិនកាត់ស្បែកចុះ
20 គេនឹងដួលនៅកណ្តាលពួកអ្នកដែលត្រូវស្លាប់ដោយដាវ វាត្រូវប្រគល់ដល់ដាវហើយ ចូរអូសវាចេញទៅ ព្រមទាំងពួកកកកុញរបស់វាផង
21 ពួកមនុស្សថ្នឹកច្បាំងដ៏ខ្លាំងពូកែគេនឹងនិយាយទៅកាន់វា ពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយនឹងពួកអ្នកដែលជួយវាដែរ គេបានចុះទៅហើយ គេដេកស្តូកនៅ គឺជាពួកមិនកាត់ស្បែក ដែលត្រូវស្លាប់ដោយដាវ។