អេសេគាល 32:18-24 KHOV

18 កូន​មនុស្ស​អើយ ចូរ​ទ្រហោ‌យំ​នឹង​ពួក​កក‌កុញ​របស់​ស្រុក​អេស៊ីព្ទ​ចុះ ហើយ​បោះ​គេ​ចុះ គឺ​វា និង​ពួក​កូន​ស្រីៗ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​មាន​ល្បី ទៅ​ក្នុង​ទី​ទាប​ជាង​ផែនដី ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ

19 តើ​ឯង​មាន​លំអ​ជាង​អ្នក​ណា ចូរ​ចុះ​ទៅ ហើយ​ឲ្យ​ដេក​ជា​មួយ​នឹង​ពួក​មិន​កាត់​ស្បែក​ចុះ

20 គេ​នឹង​ដួល​នៅ​កណ្តាល​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ វា​ត្រូវ​ប្រគល់​ដល់​ដាវ​ហើយ ចូរ​អូស​វា​ចេញ​ទៅ ព្រម​ទាំង​ពួក​កក‌កុញ​របស់​វា​ផង

21 ពួក​មនុស្ស​ថ្នឹក​ច្បាំង​ដ៏​ខ្លាំង​ពូកែ​គេ​នឹង​និយាយ​ទៅ​កាន់​វា ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​មួយ​នឹង​ពួក​អ្នក​ដែល​ជួយ​វា​ដែរ គេ​បាន​ចុះ​ទៅ​ហើយ គេ​ដេក​ស្តូក​នៅ គឺ​ជា​ពួក​មិន​កាត់​ស្បែក ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ។

22 អាស‌ស៊ើរ​ក៏​នៅ​ទី​នោះ ព្រម​ទាំង​ពួក​វា​ផង ផ្នូរ​ខ្មោច​របស់​គេ​ក៏​នៅ​ជុំវិញ​វា គេ​បាន​ត្រូវ​ដួល​ស្លាប់​គ្រប់​គ្នា​ដោយ​ដាវ

23 ផ្នូរ​ខ្មោច​គេ​បាន​ធ្វើ​នៅ​ទី​បំផុត​នៃ​ជង្ហុក​ធំ ហើយ​ពួក​វា​ក៏​នៅ​ព័ទ្ធ​ជុំវិញ​ផ្នូរ​វា គឺ​គ្រប់​គ្នា​បាន​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ ជា​ពួក​អ្នក​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ស្ញែង‌ខ្លាច​នៅ​ស្ថាន​របស់​មនុស្ស​រស់។

24 នៅ​ទី​នោះ​ក៏​មាន​អេឡាំ​ដែរ ព្រម​ទាំង​ពួក​កក‌កុញ​របស់​វា នៅ​ជុំវិញ​ផ្នូរ​ខ្មោច​វា​ផង គ្រប់​គ្នា​បាន​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ គេ​ជា​ពួក​អ្នក​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ស្ញែង‌ខ្លាច​នៅ​ស្ថាន​របស់​មនុស្ស​រស់ គេ​បាន​ចុះ​ទៅ​ដល់​ទី​ទាប​បំផុត​ក្នុង​ផែនដី ឥត​ដែល​ទទួល​កាត់​ស្បែក ក៏​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ