អេសេគាល 32:29-32 KHOV

29 អេដំម​ក៏​នៅ​ទី​នោះ ព្រម​ទាំង​ពួក​ស្តេច និង​ពួក​ចៅ‌ហ្វាយ​វា​ផង ជា​ពួក​អ្នក​ដែល​ទោះ​បើ​ខ្លាំង​ពូកែ​ក៏​ដោយ គង់​តែ​ត្រូវ​ដេក​នៅ​ជា​មួយ​នឹង​ពួក​អ្នក ដែល​ស្លាប់​ដោយ​ដាវ​ដែរ គេ​ត្រូវ​ដេក​នៅ​ជា​មួយ​នឹង​ពួក ដែល​មិន​ទទួល​កាត់​ស្បែក ហើយ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ

30 ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ខាង​ជើង ហើយ​ពួក​ស៊ីដូន​ទាំង​អស់​ក៏​នៅ​ទី​នោះ​ដែរ ជា​ពួក​អ្នក​ដែល​ចុះ​ទៅ​ជា​មួយ​នឹង​មនុស្ស​ដែល​ត្រូវ​សំឡាប់ គេ​ត្រូវ​ខ្មាស​ដោយ​ព្រោះ​សេចក្ដី​ស្ញែង‌ខ្លាច​ដែល​គេ​បាន​បង្កើត​ឡើង ដោយ​កំឡាំង​របស់​គេ គេ​ក៏​ដេក​ដោយ​ឥត​ទទួល​កាត់​ស្បែក គឺ​ដេក​ជា​មួយ​នឹង​ពួក​មនុស្ស​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ គេ​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ។

31 ឯ​ផារ៉ោន នឹង​ឃើញ​គេ​ដែរ ហើយ​នឹង​មាន​សេចក្ដី​ក្សាន្ត​ចិត្ត ពី​ដំណើរ​ពួក​កក‌កុញ​របស់​វា គឺ​ផារ៉ោន​នោះ​ឯង និង​ពួក​កង‌ទ័ព​របស់​វា ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

32 ដ្បិត​អញ​បាន​ធ្វើ​ឲ្យ​សេចក្ដី​ស្ញែង‌ខ្លាច​របស់​អញ​កើត​ឡើង​នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់ ហើយ​វា​នឹង​ត្រូវ​ផ្តេក​នៅ​កណ្តាល​ពួក​អ្នក​ដែល​មិន​ទទួល​កាត់​ស្បែក ជា​មួយ​នឹង​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ គឺ​ផារ៉ោន​នោះ​ឯង ព្រម​ទាំង​ពួក​កក‌កុញ​របស់​វា​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។