អេសេគាល 32:3-9 KHOV

3 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នឹង​លាត‌លប់​អញ​គ្រប​លើ​ឯង ដោយ‌សារ​ហ្វូង​មនុស្ស​យ៉ាង​ធំ គេ​នឹង​ទាញ​ឯង​ឡើង​មក​ជាប់​ក្នុង​លប់​របស់​អញ

4 នោះ​អញ​នឹង​ទុក​ឯង​ចោល​នៅ​លើ​ដី​គោក អញ​នឹង​បោះ​ឯង​ចោល​ទៅ​នៅ​ទី​វាល​ទទេ ហើយ​នឹង​ឲ្យ​សត្វ​ហើរ​លើ​អាកាស​ទាំង​ប៉ុន្មាន មក​ទំ​លើ​ឯង ក៏​នឹង​ចំអែត​សត្វ​នៅ​ដី​ទាំង​មូល​ដោយ‌សារ​ឯង​ដែរ

5 អញ​នឹង​ដាក់​សាច់​ឯង​នៅ​លើ​ភ្នំ ហើយ​បំពេញ​ច្រក​ភ្នំ​ទាំង​អស់​ដោយ​គំនរ​សាក‌សព​ឯង​ដែរ

6 អញ​នឹង​ស្រោច​ផែនដី ជា​កន្លែង​ឯង​ហែល​ទឹក​នោះ ដោយ​ឈាម​របស់​ឯង រហូត​ដល់​អស់​ទាំង​ភ្នំ​ផង ហើយ​ទាំង​ផ្លូវ​ទឹក​នឹង​បាន​ពេញ​ដោយ​ឯង​ដែរ

7 កាល​ណា​អញ​ពន្លត់​ឯង នោះ​អញ​នឹង​បាំង​ផ្ទៃ​មេឃ ហើយ​ធ្វើ​ឲ្យ​ផ្កាយ​ងងឹត​ទៅ អញ​នឹង​បាំង​ថ្ងៃ​ដោយ​ពពក ហើយ​ខែ​នឹង​លែង​ភ្លឺ​ដែរ

8 ឯ​អស់​ទាំង​តួ​ពន្លឺ​នៅ​លើ​មេឃ នោះ​អញ​នឹង​ធ្វើ​ឲ្យ​ងងឹត​ទៅ​ដោយ​ព្រោះ​ឯង ព្រម​ទាំង​គ្រប​ស្រុក​ឯង​ដោយ​ងងឹត​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

9 អញ​នឹង​បណ្តាល​ឲ្យ​ចិត្ត​នៃ​មនុស្ស​ជា​ច្រើន​តក់‌ស្លុត ក្នុង​កាល​ដែល​អញ​នាំ​ដំណឹង ពី​ការ​វិនាស​របស់​ឯង ទៅ​កណ្តាល​អស់​ទាំង​សាសន៍ គឺ​ទៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន ដែល​ឯង​មិន​បាន​ស្គាល់​ឡើយ