20 ប៉ុន្តែឯងរាល់គ្នាថា ផ្លូវរបស់ព្រះអម្ចាស់មិនស្មើទេ ឱពួកវង្សអ៊ីស្រាអែលអើយ អញនឹងជំនុំជំរះឯងរាល់គ្នាតាមផ្លូវរបស់ឯងរៀងខ្លួន។
21 លុះដល់ថ្ងៃ៥ ខែបុស្សក្នុងឆ្នាំ១២ ដែលគេបានចាប់យើងនាំទៅជាឈ្លើយ នោះមានម្នាក់ដែលរត់រួចពីក្រុងយេរូសាឡិម បានមកដល់ខ្ញុំប្រាប់ថា គេចាប់ទីក្រុងបានហើយ
22 រីឯនៅពេលល្ងាច មុនដែលអ្នករត់រួច នោះបានមកដល់ នោះព្រះហស្តនៃព្រះយេហូវ៉ាបានស្ថិតនៅលើខ្ញុំ ទ្រង់ក៏បើកមាត់ខ្ញុំ ចាំតែអ្នកនោះមកដល់នៅពេលព្រឹក ដូច្នេះ មាត់ខ្ញុំបានបើកឡើង ហើយខ្ញុំមិននៅគទៀតទេ។
23 គ្រានោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំថា
24 កូនមនុស្សអើយ ពួកអ្នកដែលអាស្រ័យនៅអស់ទាំងទីខូចបង់ ក្នុងស្រុកអ៊ីស្រាអែល គេថា លោកអ័ប្រាហាំជាមនុស្សតែម្នាក់ទេ ហើយលោកបានទទួលស្រុកនេះទុកជាមរដក ឯយើងរាល់គ្នាមានគ្នាច្រើន ស្រុកនេះក៏បានប្រគល់មកយើងទុកជាមរដកដែរ
25 ដូច្នេះ ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នាស៊ីសាច់ដែលជាប់ទាំងឈាម ក៏ងើបភ្នែកទៅឯអស់ទាំងរូបព្រះរបស់ឯងរាល់គ្នា ហើយកំចាយឈាមផង ដូច្នេះ តើឯងរាល់គ្នានឹងបានស្រុកនេះឬ
26 ឯងរាល់គ្នាពឹងតែដាវរបស់ឯង ក៏ប្រព្រឹត្តការគួរស្អប់ខ្ពើម ហើយបង្ខូចប្រពន្ធរបស់អ្នកជិតខាងឯងរៀងខ្លួន ដូច្នេះ តើឯងរាល់គ្នានឹងបានស្រុកនេះឬ