អេសេគាល 33:21-27 KHOV

21 លុះ​ដល់​ថ្ងៃ​៥ ខែ​បុស្ស​ក្នុង​ឆ្នាំ​១២ ដែល​គេ​បាន​ចាប់​យើង​នាំ​ទៅ​ជា​ឈ្លើយ នោះ​មាន​ម្នាក់​ដែល​រត់​រួច​ពី​ក្រុង​យេរូ‌សាឡិម បាន​មក​ដល់​ខ្ញុំ​ប្រាប់​ថា គេ​ចាប់​ទី​ក្រុង​បាន​ហើយ

22 រីឯ​នៅ​ពេល​ល្ងាច មុន​ដែល​អ្នក​រត់​រួច នោះ​បាន​មក​ដល់ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​ស្ថិត​នៅ​លើ​ខ្ញុំ ទ្រង់​ក៏​បើក​មាត់​ខ្ញុំ ចាំ​តែ​អ្នក​នោះ​មក​ដល់​នៅ​ពេល​ព្រឹក ដូច្នេះ មាត់​ខ្ញុំ​បាន​បើក​ឡើង ហើយ​ខ្ញុំ​មិន​នៅ​គ​ទៀត​ទេ។

23 គ្រា​នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា

24 កូន​មនុស្ស​អើយ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​អស់​ទាំង​ទី​ខូច​បង់ ក្នុង​ស្រុក​អ៊ីស្រា‌អែល គេ​ថា លោក​អ័ប្រា‌ហាំ​ជា​មនុស្ស​តែ​ម្នាក់​ទេ ហើយ​លោក​បាន​ទទួល​ស្រុក​នេះ​ទុក​ជា​មរដក ឯ​យើង​រាល់​គ្នា​មាន​គ្នា​ច្រើន ស្រុក​នេះ​ក៏​បាន​ប្រគល់​មក​យើង​ទុក​ជា​មរដក​ដែរ

25 ដូច្នេះ ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​ស៊ី​សាច់​ដែល​ជាប់​ទាំង​ឈាម ក៏​ងើប​ភ្នែក​ទៅ​ឯ​អស់​ទាំង​រូប​ព្រះ​របស់​ឯង​រាល់​គ្នា ហើយ​កំចាយ​ឈាម​ផង ដូច្នេះ តើ​ឯង​រាល់​គ្នា​នឹង​បាន​ស្រុក​នេះ​ឬ

26 ឯង​រាល់​គ្នា​ពឹង​តែ​ដាវ​របស់​ឯង ក៏​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម ហើយ​បង្ខូច​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ឯង​រៀង​ខ្លួន ដូច្នេះ តើ​ឯង​រាល់​គ្នា​នឹង​បាន​ស្រុក​នេះ​ឬ

27 ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​គេ​ដូច្នេះ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​អស់​ទាំង​ទី​ខូច​បង់​នេះ នឹង​ដួល​ដោយ​ដាវ ហើយ​អ្នក​ណា​ដែល​នៅ​ឯ​ទី​វាល​ទទេ អញ​នឹង​ប្រគល់​ដល់​សត្វ​ព្រៃ​ឲ្យ​ត្រូវ​ហែក​ស៊ី ហើយ​ពួក​អ្នក​ដែល​នៅ​ក្នុង​ទី​មាំ‌មួន និង​ក្នុង​រអាង​ភ្នំ គេ​នឹង​ស្លាប់​ដោយ​អាសន្ន‌រោគ