27 ត្រូវឲ្យឯងប្រាប់ដល់គេដូច្នេះថា ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាពួកអ្នកដែលអាស្រ័យនៅអស់ទាំងទីខូចបង់នេះ នឹងដួលដោយដាវ ហើយអ្នកណាដែលនៅឯទីវាលទទេ អញនឹងប្រគល់ដល់សត្វព្រៃឲ្យត្រូវហែកស៊ី ហើយពួកអ្នកដែលនៅក្នុងទីមាំមួន និងក្នុងរអាងភ្នំ គេនឹងស្លាប់ដោយអាសន្នរោគ
28 អញនឹងធ្វើឲ្យស្រុកនេះស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង នោះសេចក្ដីឆ្មើងឆ្មៃនៃអំណាចវានឹងផុតទៅ ហើយភ្នំទាំងប៉ុន្មានរបស់ស្រុកអ៊ីស្រាអែល នឹងត្រូវចោលស្ងាត់នៅឥតមានអ្នកណាដើរកាត់ឡើយ
29 នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិតក្នុងកាលដែលអញបានធ្វើឲ្យស្រុកនេះស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង ដោយព្រោះអស់ទាំងអំពើគួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្តនោះ។
30 មួយទៀត កូនមនុស្សអើយ ពួកកូនចៅរបស់សាសន៍ឯង គេនិយាយគ្នាពីឯងនៅក្បែរកំផែង ហើយនៅមាត់ទ្វារផ្ទះ គេនិយាយគ្នា គឺគ្រប់គ្នានិយាយនឹងបងប្អូនខ្លួនថា ចូរយើងទៅស្តាប់ព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ាចុះ
31 គេក៏មកឯឯង ដូចជាបណ្តាជនទាំងឡាយធ្លាប់មក ហើយគេអង្គុយនៅមុខឯង ដូចជារាស្ត្រអញ ក៏ស្តាប់អស់ទាំងពាក្យរបស់ឯង តែមិនប្រព្រឹត្តតាមទេ ដ្បិតបបូរមាត់គេសំដែងចេញជាសេចក្ដីស្រឡាញ់យ៉ាងខ្លាំង តែចិត្តគេដេញតាមរកកំរៃដល់ខ្លួនវិញ
32 ហើយមើល គេរាប់ឯងទុកដូចជាបទចំរៀង ដ៏ពីរោះនៃមនុស្សមានសំឡេងល្អ ហើយចេះលេងភ្លេងយ៉ាងប្រសប់ប៉ុណ្ណោះ ដ្បិតគេស្តាប់អស់ទាំងពាក្យរបស់ឯង ប៉ុន្តែមិនប្រព្រឹត្តតាមទេ
33 កាលណាការនេះកើតមកហើយ (មើល ការនេះកំពុងតែមកហើយមែន) នោះគេនឹងដឹងថា មានហោរាបាននៅក្នុងពួកគេជាពិត។