អេសេគាល 33:28-33 KHOV

28 អញ​នឹង​ធ្វើ​ឲ្យ​ស្រុក​នេះ​ស្ងាត់‌ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង នោះ​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​វា​នឹង​ផុត​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​ស្រុក​អ៊ីស្រា‌អែល នឹង​ត្រូវ​ចោល​ស្ងាត់​នៅ​ឥត​មាន​អ្នក​ណា​ដើរ​កាត់​ឡើយ

29 នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត​ក្នុង​កាល​ដែល​អញ​បាន​ធ្វើ​ឲ្យ​ស្រុក​នេះ​ស្ងាត់‌ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង ដោយ​ព្រោះ​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​គេ​បាន​ប្រព្រឹត្ត​នោះ។

30 មួយ​ទៀត កូន​មនុស្ស​អើយ ពួក​កូន​ចៅ​របស់​សាសន៍​ឯង គេ​និយាយ​គ្នា​ពី​ឯង​នៅ​ក្បែរ​កំផែង ហើយ​នៅ​មាត់​ទ្វារ​ផ្ទះ គេ​និយាយ​គ្នា គឺ​គ្រប់​គ្នា​និយាយ​នឹង​បង​ប្អូន​ខ្លួន​ថា ចូរ​យើង​ទៅ​ស្តាប់​ព្រះ‌បន្ទូល ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ចុះ

31 គេ​ក៏​មក​ឯ​ឯង ដូច​ជា​បណ្តា‌ជន​ទាំង‌ឡាយ​ធ្លាប់​មក ហើយ​គេ​អង្គុយ​នៅ​មុខ​ឯង ដូច​ជា​រាស្ត្រ​អញ ក៏​ស្តាប់​អស់​ទាំង​ពាក្យ​របស់​ឯង តែ​មិន​ប្រព្រឹត្ត​តាម​ទេ ដ្បិត​បបូរ​មាត់​គេ​សំដែង​ចេញ​ជា​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង តែ​ចិត្ត​គេ​ដេញ​តាម​រក​កំរៃ​ដល់​ខ្លួន​វិញ

32 ហើយ​មើល គេ​រាប់​ឯង​ទុក​ដូច​ជា​បទ​ចំរៀង ដ៏​ពីរោះ​នៃ​មនុស្ស​មាន​សំឡេង​ល្អ ហើយ​ចេះ​លេង​ភ្លេង​យ៉ាង​ប្រសប់​ប៉ុណ្ណោះ ដ្បិត​គេ​ស្តាប់​អស់​ទាំង​ពាក្យ​របស់​ឯង ប៉ុន្តែ​មិន​ប្រព្រឹត្ត​តាម​ទេ

33 កាល​ណា​ការ​នេះ​កើត​មក​ហើយ (មើល ការ​នេះ​កំពុង​តែ​មក​ហើយ​មែន) នោះ​គេ​នឹង​ដឹង​ថា មាន​ហោរា​បាន​នៅ​ក្នុង​ពួក​គេ​ជា​ពិត។