7 កូនមនុស្សអើយ គឺយ៉ាងនោះឯងដែលអញបានតាំងឯងឡើងឲ្យធ្វើជាអ្នកចាំយាម ដល់ពួកវង្សអ៊ីស្រាអែល ដូច្នេះ ចូរស្តាប់ពាក្យពីមាត់អញ ហើយប្រកាសប្រាប់គេឲ្យអញ
8 កាលណាអញប្រាប់ដល់មនុស្សអាក្រក់ថា ឱមនុស្សអាក្រក់អើយ ឯងនឹងត្រូវស្លាប់ជាពិត តែឯងមិនពន្យល់ប្រាប់មនុស្សអាក្រក់នោះ ឲ្យលះចោលផ្លូវរបស់ខ្លួនទេ ដូច្នេះមនុស្សអាក្រក់នោះនឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនមែន តែអញនឹងទារឈាមវាពីដៃឯងវិញ
9 ប៉ុន្តែបើឯងពន្យល់ប្រាប់ដល់មនុស្សអាក្រក់ ពីផ្លូវរបស់វា ឲ្យបានលះចោលផ្លូវនោះចេញ តែវាមិនបែរចេញពីផ្លូវរបស់ខ្លួនសោះ នោះវានឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់វា តែឯងបានដោះខ្លួនឲ្យរួចវិញ។
10 ដូច្នេះ កូនមនុស្សអើយ ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ឯងរាល់គ្នាពោលដូច្នេះថា អំពើរំលង និងអំពើបាបរបស់យើង គ្របសង្កត់លើយើងហើយ យើងកំពុងតែរោយរៀវទៅក្នុងអំពើទាំងនោះ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងរស់នៅបាន
11 ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញមិនរីករាយចំពោះសេចក្ដីស្លាប់របស់មនុស្សអាក្រក់ឡើយ គឺចូលចិត្តឲ្យគេលះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់នៅវិញទេតើ ចូរឲ្យឯងរាល់គ្នាបែរមក ចូរបែរមកពីផ្លូវអាក្រក់របស់ខ្លួនចុះ ដ្បិតឱពួកវង្សអ៊ីស្រាអែលអើយ ហេតុអ្វីបានជាចង់ស្លាប់
12 ដូច្នេះ កូនមនុស្សអើយ ចូរប្រាប់ដល់ពួកកូនចៅនៃសាសន៍ឯងថា សេចក្ដីសុចរិតរបស់មនុស្សសុចរិតនឹងមិនដោះអ្នកនោះឲ្យរួច ក្នុងថ្ងៃដែលប្រព្រឹត្តអំពើរំលងវិញនោះឡើយ ហើយចំណែកអំពើអាក្រក់ របស់មនុស្សអាក្រក់វិញ គេមិនបានដួល ដោយព្រោះអំពើទាំងនោះ ក្នុងថ្ងៃដែលបែរចេញពីអំពើអាក្រក់របស់ខ្លួនទេ ឯមនុស្សសុចរិតវិញ ក៏មិនអាចនឹងរស់នៅ ដោយសារអំពើសុចរិតរបស់ខ្លួន ក្នុងថ្ងៃដែលប្រព្រឹត្តអំពើបាបវិញបានដែរ
13 កាលណាអញប្រាប់ដល់មនុស្សសុចរិតថា គេនឹងរស់នៅជាពិត នោះបើគេពឹងដល់សេចក្ដីសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិតវិញ នោះនឹងគ្មានអ្នកណានឹកចាំពីអំពើសុចរិតទាំងប៉ុន្មានរបស់អ្នកនោះទេ គឺគេនឹងស្លាប់ទៅក្នុងអំពើទុច្ចរិត ដែលខ្លួនបានប្រព្រឹត្តនោះវិញ