1 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
2 កូនមនុស្សអើយ ចូរទាយទាស់នឹងពួកអ្នកគង្វាលនៃសាសន៍អ៊ីស្រាអែលចុះ ត្រូវឲ្យទាយប្រាប់គេ គឺពួកអ្នកគង្វាលនោះឯងថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ វេទនាដល់ពួកអ្នកគង្វាលនៃសាសន៍អ៊ីស្រាអែល ដែលឃ្វាលតែខ្លួនឯង តើមិនត្រូវឲ្យពួកអ្នកគង្វាលនោះ ឃ្វាលហ្វូងចៀមវិញទេឬអី
3 ឯងរាល់គ្នាស៊ីខ្លាញ់ ហើយស្លៀកពាក់ដោយសាររោមវា ក៏សំឡាប់សត្វបំប៉នដែរ តែមិនឃ្វាលហ្វូងទេ
4 ឯងរាល់គ្នាមិនបានចំរើនកំឡាំង ដល់សត្វណាដែលអន់កំឡាំង ហើយណាដែលឈឺ នោះមិនបានមើលឲ្យជាទេ ណាដែលបាក់ជើង ឯងមិនបានរុំអប ណាដែលត្រូវកំចាត់កំចាយ នោះឯងមិនបាននាំមកវិញ ហើយណាដែលវង្វេងទៅ នោះក៏មិនបានស្វែងរកដែរ គឺឯងរាល់គ្នាបានគ្រប់គ្រងលើវា ដោយកំឡាំង ហើយតឹងរ៉ឹងវិញ