អេសេគាល 34:11-17 KHOV

11 ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ គឺ​អញ​នេះ​ហើយ នឹង​ស្វែង​រក​ចៀម​របស់​អញ​ទាំង​ស៊ើប‌សួរ​រក​ទាល់​តែ​ឃើញ​ផង

12 ឯ​អ្នក​គង្វាល គេ​តែង​មើល​ហ្វូង​ចៀម​ខ្លួន នៅ​ថ្ងៃ​ដែល​គេ​នៅ​ជា​មួយ​នឹង​ហ្វូង​ចៀម​ដែល​ខ្ចាត់​ខ្ចាយ​ជា​យ៉ាង​ណា នោះ​អញ​នឹង​ថែ​មើល​ហ្វូង​ចៀម​របស់​អញ ហើយ​ជួយ​ឲ្យ​វា​រួច​ចេញ​ពី​គ្រប់​កន្លែង​ដែល​វា​ត្រូវ​កំចាត់‌កំចាយ​នោះ នៅ​ថ្ងៃ​ដែល​មេឃ​មីរ​ស្រទំ ហើយ​ងងឹត​យ៉ាង​នោះ​ដែរ

13 អញ​នឹង​នាំ​វា​រាល់​គ្នា ចេញ​ពី​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ប្រមូល​វា​ពី​គ្រប់​ទាំង​ស្រុក រួច​នឹង​នាំ​ចូល​ទៅ​ក្នុង​ស្រុក​របស់​វា​វិញ អញ​នឹង​ឃ្វាល​វា​នៅ​លើ​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល ហើយ​តាម​ផ្លូវ​ទឹក និង​នៅ​គ្រប់​ទាំង​កន្លែង​ដែល​មាន​មនុស្ស​នៅ​ក្នុង​ស្រុក​នោះ​ផង

14 អញ​នឹង​ឃ្វាល​វា​នៅ​ទី​វាល​ល្អ ហើយ​ក្រោល​វា​នឹង​នៅ​លើ​ភ្នំ​ខ្ពស់ៗ​នៃ​ស្រុក​អ៊ីស្រា‌អែល នៅ​ទី​នោះ​វា​នឹង​ដេក​ចុះ​ក្នុង​ក្រោល​យ៉ាង​ល្អ ហើយ​នឹង​រក​ស៊ី​នៅ​វាល​ដ៏​ល្អ នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល​ដែរ

15 ខ្លួន​អញ​នឹង​ធ្វើ​ជា​អ្នក​គង្វាល​ដល់​ហ្វូង​ចៀម​របស់​អញ ហើយ​អញ​នឹង​ឲ្យ​វា​ដេក​នៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

16 អញ​នឹង​ស្វែង​រក​សត្វ​ណា​ដែល​វង្វេង​បាត់ ហើយ​នាំ​ណា​ដែល​ត្រូវ​ប្រដេញ ឲ្យ​មក​វិញ សត្វ​ណា​ដែល​បាក់​ជើង នោះ​អញ​នឹង​រុំ​អប​ឲ្យ ហើយ​អញ​នឹង​ចំរើន​កំឡាំង​ដល់​ណា​ដែល​ឈឺ តែ​សត្វ​ណា​ដែល​ធាត់ ហើយ​មាន​កំឡាំង នោះ​អញ​នឹង​បំផ្លាញ​វា​បង់ គឺ​អញ​នឹង​ឃ្វាល​វា ដោយ​សេចក្ដី​វិនិច្ឆ័យ​វិញ។

17 ឱ​ហ្វូង​របស់​អញ​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ឯង​ដូច្នេះ​ថា មើល អញ​នឹង​ជំនុំ‌ជំរះ​ក្តី​របស់​ចៀម​នឹង​ចៀម ហើយ​របស់​ចៀម​ឈ្មោល និង​ពពែ​ឈ្មោល​ផង