អេសេគាល 34:17-23 KHOV

17 ឱ​ហ្វូង​របស់​អញ​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ឯង​ដូច្នេះ​ថា មើល អញ​នឹង​ជំនុំ‌ជំរះ​ក្តី​របស់​ចៀម​នឹង​ចៀម ហើយ​របស់​ចៀម​ឈ្មោល និង​ពពែ​ឈ្មោល​ផង

18 ការ​ដែល​ឯង​រាល់​គ្នា​បាន​ស៊ី​ស្មៅ នៅ​ទី​វាល​ល្អ នោះ​តើ​ជា​ការ​តិច‌តួច​ដល់​ឯង​ឬ បាន​ជា​ឯង​ជាន់​ឈ្លី​ស្មៅ​ដែល​នៅ​សល់​ទៀត ហើយ​ដែល​ឯង​រាល់​គ្នា​បាន​ផឹក​ទឹក​ថ្លា​នោះ​ផង បាន​ជា​ឯង​ទៅ​កកូរ​ឡើង​ឲ្យ​ល្អក់ ដោយ​ជើង​ដូច្នេះ

19 ចំណែក​ហ្វូង​ចៀម​របស់​អញ វា​ត្រូវ​ស៊ី​ស្មៅ ដែល​ឯង​រាល់​គ្នា​ជាន់​ឈ្លី ហើយ​ផឹក​ទឹក​ដែល​ឯង​បាន​ធ្វើ​ឲ្យ​ល្អក់​នោះ​វិញ។

20 ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​វា​រាល់​គ្នា​ថា មើល អញ​គឺ​អញ​នេះ​ហើយ នឹង​ជំនុំ‌ជំរះ​ក្តី​របស់​ចៀម​ធាត់ និង​ចៀម​ស្គម

21 ពី​ព្រោះ​ឯង​រាល់​គ្នា​តែង‌តែ​គះ​ដោយ​ចំហៀង ហើយ​នឹង​ស្មា ក៏​បុះ​អស់​ទាំង​ចៀម​ខ្សោយ​ដោយ​ស្នែង ដរាប​ដល់​បាន​កំចាត់‌កំចាយ​គេ​ទៅ​បាត់

22 ដូច្នេះ អញ​នឹង​ជួយ​សង្គ្រោះ​ហ្វូង​ចៀម​របស់​អញ នោះ​វា​នឹង​លែង​បាន​ជា​រំពា​ត​ទៅ ហើយ​អញ​នឹង​ជំនុំ‌ជំរះ​ក្តី​របស់​ចៀម​នឹង​ចៀម

23 អញ​នឹង​តាំង​អ្នក​គង្វាល​តែ​១ ឲ្យ​ថែ​មើល​វា អ្នក​នោះ​នឹង​ឃ្វាល​វា គឺ​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ គាត់​នឹង​កៀង​នាំ​វា​ទៅ​ឲ្យ​ស៊ី ហើយ​នឹង​ធ្វើ​ជា​អ្នក​គង្វាល​ដល់​ហ្វូង