9 ដូច្នេះ ពួកអ្នកគង្វាលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
10 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញទាស់នឹងពួកអ្នកគង្វាល ហើយអញនឹងទារចៀមអញពីដៃគេ ក៏នឹងឲ្យគេឈប់លែងឃ្វាលហ្វូងចៀមទៅ ពួកអ្នកគង្វាលនឹងមិនរកស៊ីចិញ្ចឹមខ្លួនគេទៀតដែរ អញនឹងជួយឲ្យចៀមអញរួចពីមាត់គេ ដើម្បីមិនឲ្យធ្វើជាអាហារដល់គេឡើយ។
11 ដ្បិតព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញ គឺអញនេះហើយ នឹងស្វែងរកចៀមរបស់អញទាំងស៊ើបសួររកទាល់តែឃើញផង
12 ឯអ្នកគង្វាល គេតែងមើលហ្វូងចៀមខ្លួន នៅថ្ងៃដែលគេនៅជាមួយនឹងហ្វូងចៀមដែលខ្ចាត់ខ្ចាយជាយ៉ាងណា នោះអញនឹងថែមើលហ្វូងចៀមរបស់អញ ហើយជួយឲ្យវារួចចេញពីគ្រប់កន្លែងដែលវាត្រូវកំចាត់កំចាយនោះ នៅថ្ងៃដែលមេឃមីរស្រទំ ហើយងងឹតយ៉ាងនោះដែរ
13 អញនឹងនាំវារាល់គ្នា ចេញពីសាសន៍ទាំងប៉ុន្មាន ហើយប្រមូលវាពីគ្រប់ទាំងស្រុក រួចនឹងនាំចូលទៅក្នុងស្រុករបស់វាវិញ អញនឹងឃ្វាលវានៅលើភ្នំនៃស្រុកអ៊ីស្រាអែល ហើយតាមផ្លូវទឹក និងនៅគ្រប់ទាំងកន្លែងដែលមានមនុស្សនៅក្នុងស្រុកនោះផង
14 អញនឹងឃ្វាលវានៅទីវាលល្អ ហើយក្រោលវានឹងនៅលើភ្នំខ្ពស់ៗនៃស្រុកអ៊ីស្រាអែល នៅទីនោះវានឹងដេកចុះក្នុងក្រោលយ៉ាងល្អ ហើយនឹងរកស៊ីនៅវាលដ៏ល្អ នៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែលដែរ
15 ខ្លួនអញនឹងធ្វើជាអ្នកគង្វាលដល់ហ្វូងចៀមរបស់អញ ហើយអញនឹងឲ្យវាដេកនៅ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា