1 កូនមនុស្សអើយ ចូរទាយដល់អស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែលដែរថា ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
2 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះខ្មាំងសត្រូវបានពោលឡកឲ្យឯងថា ហាសហា ទីខ្ពស់ពីបុរាណទាំងនេះបានត្រឡប់ជារបស់ផងយើងហើយ
3 ដូច្នេះ ចូរទាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ដោយហេតុនេះ គឺដោយព្រោះតែគេបានធ្វើឲ្យឯងនៅស្ងាត់ច្រៀប ព្រមទាំងលេបឯងចូលនៅគ្រប់ទិស ឲ្យឯងបានទៅជារបស់សាសន៍ដែលនៅសល់ ហើយដោយព្រោះពួកអ្នកនិយាយដើមបានចាប់តាំងនិយាយពីឯង ហើយជនទាំងឡាយនិយាយអាក្រក់ពីឯងផង
4 ដូច្នេះ ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ដល់អស់ទាំងភ្នំធំតូច ផ្លូវទឹក និងច្រកភ្នំ ព្រមទាំងទីខូចបង់ និងទីក្រុងដែលគេចោលស្ងាត់ជាទីដែលបានត្រឡប់ជារំពា ហើយជាទីឡកឡឺយដល់សំណល់នៃអស់ទាំងសាសន៍ដែលនៅព័ទ្ធជុំវិញ