17 កូនមនុស្សអើយ កាលពួកវង្សអ៊ីស្រាអែលបាននៅក្នុងស្រុករបស់ខ្លួន នោះគេបានបង្អាប់ស្រុកនោះ ដោយផ្លូវប្រព្រឹត្ត និងកិរិយារបស់ខ្លួន ផ្លូវដែលគេប្រព្រឹត្តនៅមុខអញ ប្រៀបដូចជាសេចក្ដីស្មោកគ្រោកនៃស្រីដែលមានរដូវ
18 ហេតុនោះបានជាអញចាក់សេចក្ដីក្រោធរបស់អញទៅលើគេ គឺដោយព្រោះឈាមដែលគេបានកំចាយនៅក្នុងស្រុក ហើយដោយព្រោះគេបានបង្អាប់ស្រុក ដោយរូបព្រះរបស់គេ
19 ដូច្នេះ អញបានកំចាត់កំចាយគេទៅនៅក្នុងអស់ទាំងសាសន៍ គេត្រូវបែងចែកទៅនៅគ្រប់ស្រុកផង អញបានជំនុំជំរះគេតាមផ្លូវគេប្រព្រឹត្ត និងតាមកិរិយារបស់គេ
20 កាលគេបានចូលទៅឯសាសន៍ណាដែលគេត្រូវខ្ចាយទៅនោះ គេក៏បង្អាប់ឈ្មោះបរិសុទ្ធរបស់អញទៀត ដោយមានមនុស្សថា ពួកនេះជាពួករបស់ព្រះយេហូវ៉ា គេបានចេញចាកពីស្រុករបស់ទ្រង់មក
21 ប៉ុន្តែអញបានយល់ដល់ឈ្មោះបរិសុទ្ធរបស់អញ ដែលពួកវង្សអ៊ីស្រាអែលបានបង្អាប់ នៅកណ្តាលសាសន៍ទាំងប៉ុន្មាន ដែលគេបានទៅដល់នោះ។
22 ដូច្នេះ ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ អញមិនមែនធ្វើការនេះ ដោយយល់ដល់ឯងរាល់គ្នាទេ គឺដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់អញវិញ ជាឈ្មោះដែលឯងរាល់គ្នាបានបង្អាប់ នៅកណ្តាលអស់ទាំងសាសន៍ដែលឯងបានទៅដល់នោះ
23 អញក៏នឹងញែកឈ្មោះដ៏ជាធំរបស់អញ ដែលត្រូវបង្អាប់នៅកណ្តាលអស់ទាំងសាសន៍ គឺដែលឯងរាល់គ្នាបានបង្អាប់ នៅក្នុងពួកគេ ចេញជាបរិសុទ្ធដែរ នោះពួកសាសន៍ដទៃនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបានញែកជាបរិសុទ្ធក្នុងពួកឯង នៅចំពោះភ្នែកគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា