អេសេគាល 36:26-32 KHOV

26 អញ​នឹង​ឲ្យ​ឯង​មាន​ចិត្ត​ថ្មី ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​ឯង​ដែរ អញ​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម ពី​រូប​សាច់​ឯង​ចេញ រួច​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ

27 អញ​នឹង​ដាក់​វិញ្ញាណ​របស់​អញ​នៅ​ក្នុង​ឯង​រាល់​គ្នា ហើយ​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​ដើរ​តាម​ក្រឹត្យ‌ក្រម ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង

28 នោះ​ឯង​រាល់​គ្នា​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​បាន​ជា​ព្រះ​ដល់​ឯង

29 អញ​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​អស់​ទាំង​សេចក្ដី​សៅ‌ហ្មង​របស់​ឯង អញ​នឹង​បង្គាប់​ដល់​ស្រូវ ឲ្យ​បាន​ចំរើន​ឡើង​ជា​បរិបូរ ឥត​ធ្វើ​ឲ្យ​កើត​មាន​អំណត់​ទៀត​ឡើយ

30 ក៏​នឹង​ចំរើន​ផ្លែ​ឈើ និង​ផល​ចំការ​ឡើង​ដែរ ដើម្បី​មិន​ឲ្យ​ឯង​រាល់​គ្នា​ត្រូវ​ពាក្យ​ដំនៀល​របស់​សាសន៍​ដទៃ ដោយ​ព្រោះ​អំណត់​អត់​នោះ​ត​ទៅ

31 នោះ​ឯង​រាល់​គ្នា​នឹង​នឹក​ចាំ​ពី​កិរិយា​អាក្រក់​របស់​ឯង ហើយ​ពី​អំពើ​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​មិន​ល្អ​ផង ដូច្នេះ ឯង​រាល់​គ្នា​នឹង​មើល​ខ្លួន​ដោយ​ខ្ពើម​ឆ្អើម ដោយ​ព្រោះ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង។

32 ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ថា មិន​មែន​ដោយ​យល់​ដល់​ឯង​រាល់​គ្នា​ដែល​អញ​ធ្វើ​ដូច្នេះ​ទេ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ឲ្យ​មាន​សេចក្ដី​ខ្មាស ហើយ​ជ្រប់​មុខ ដោយ​ព្រោះ​កិរិយា​របស់​ឯង​ចុះ