អេសេគាល 36:31-37 KHOV

31 នោះ​ឯង​រាល់​គ្នា​នឹង​នឹក​ចាំ​ពី​កិរិយា​អាក្រក់​របស់​ឯង ហើយ​ពី​អំពើ​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​មិន​ល្អ​ផង ដូច្នេះ ឯង​រាល់​គ្នា​នឹង​មើល​ខ្លួន​ដោយ​ខ្ពើម​ឆ្អើម ដោយ​ព្រោះ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង។

32 ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ថា មិន​មែន​ដោយ​យល់​ដល់​ឯង​រាល់​គ្នា​ដែល​អញ​ធ្វើ​ដូច្នេះ​ទេ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ឲ្យ​មាន​សេចក្ដី​ខ្មាស ហើយ​ជ្រប់​មុខ ដោយ​ព្រោះ​កិរិយា​របស់​ឯង​ចុះ

33 ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​ថ្ងៃ​ដែល​អញ​ជំរះ​ឯង​រាល់​គ្នា ឲ្យ​ស្អាត​ពី​អស់​ទាំង​អំពើ​ទុច្ចរិត​របស់​ឯង​ចេញ នោះ​អញ​នឹង​ឲ្យ​អស់​ទាំង​ទី​ក្រុង​របស់​ឯង មាន​មនុស្ស​អាស្រ័យ​នៅ​វិញ ហើយ​ឲ្យ​អស់​ទាំង​ទី​ខូច​បង់​បាន​សង់​ឡើង

34 ឯ​ស្រុក​ដែល​បាន​នៅ​ស្ងាត់ និង​មាន​គេ​ភ្ជួរ‌រាស់ ជា​ស្រុក​ដែល​ពី​ដើម​នៅ​ស្ងាត់‌ច្រៀប ចំពោះ​ភ្នែក​នៃ​អស់​អ្នក​ដែល​ដើរ​កាត់​នោះ

35 ហើយ​គេ​នឹង​ពោល​ថា ស្រុក​នេះ​ដែល​ត្រូវ​ចោល​ស្ងាត់ បាន​ត្រឡប់​ដូច​ជា​សួន‌ច្បារ​អេដែន​វិញ ហើយ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ខូច​បង់​ចោល​ស្ងាត់ ហើយ​បាក់​បែក ក៏​បាន​មាំ‌មួន​ឡើង ហើយ​មាន​មនុស្ស​អាស្រ័យ​នៅ​ផង

36 ដូច្នេះ អស់​ទាំង​សាសន៍​ដែល​សល់​នៅ​ព័ទ្ធ​ជុំវិញ​ឯង គេ​នឹង​ដឹង​ថា គឺ​អញ ជា​ព្រះ‌យេហូវ៉ា​នេះ អញ​បាន​សង់​ទី​បំផ្លាញ​នោះ​ឡើង ហើយ​សាប‌ព្រោះ​កន្លែង​ដែល​ចោល​ស្ងាត់​វិញ គឺ​អញ ជា​យេហូវ៉ា​នេះ អញ​បាន​ចេញ​វាចា​ហើយ ក៏​នឹង​សំរេច​តាម​ផង។

37 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មួយ​ទៀត​អញ​នឹង​បើក​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល បាន​សួរ​អញ​ពី​ដំណើរ​នោះ​ឯង ដើម្បី​ឲ្យ​អញ​បាន​សំរេច​ការ​នោះ​ដល់​គេ គឺ​អញ​នឹង​ឲ្យ​គេ​ចំរើន​គ្នា​ជា​ច្រើន​ឡើង ដូច​ជា​ហ្វូង​ចៀម