5 គឺព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯសំណល់នៃអស់ទាំងសាសន៍ ព្រមទាំងស្រុកអេដំមទាំងមូល ដែលបានដំរូវស្រុកអញទុកជារបស់ផងគេ ដោយសេចក្ដីអំណរអស់ពីចិត្ត ទាំងមានចិត្តមើលងាយផង ដើម្បីនឹងបោះបង់ចោលចេញទុកជារំពា នោះពិតប្រាកដជាអញបានតបនឹងគេដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់អញ
6 ដូច្នេះ ចូរទាយពីដំណើរស្រុកអ៊ីស្រាអែល ហើយប្រាប់ដល់អស់ទាំងភ្នំធំតូច ផ្លូវទឹក និងច្រកភ្នំទាំងប៉ុន្មានថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញបាននិយាយ ដោយសេចក្ដីប្រចណ្ឌ និងសេចក្ដីក្រោធរបស់អញ ហើយដោយព្រោះឯងរាល់គ្នាបានរងទ្រាំសេចក្ដីខ្មាសរបស់សាសន៍ដទៃ
7 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា អញបានស្បថហើយថា ពិតប្រាកដជាសាសន៍ទាំងប៉ុន្មានដែលនៅព័ទ្ធជុំវិញឯង គេនឹងត្រូវរង់ទ្រាំសេចក្ដីខ្មាសរបស់ខ្លួនគេវិញ។
8 តែចំណែកឯង ឱភ្នំអ៊ីស្រាអែលអើយ ឯងរាល់គ្នានឹងបែកមែក ហើយបង្កើតផលរបស់ឯង ឲ្យអ៊ីស្រាអែលជារាស្ត្រអញ ពីព្រោះគេរៀបនឹងមកហើយ
9 ដ្បិតមើល អញកាន់ខាងឯង ហើយអញនឹងវិលមកឯឯងវិញ នោះនឹងមានគេភ្ជួររាស់ហើយសាបព្រោះឯងឡើង
10 អញនឹងឲ្យមនុស្សចំរើនឡើងនៅក្នុងឯង គឺជាពួកវង្សអ៊ីស្រាអែលទាំងមូល ដូច្នេះទីក្រុងទាំងប៉ុន្មានរបស់ឯងនឹងមានមនុស្សនៅ ហើយអស់ទាំងទីខូចបង់នឹងបានសង់ឡើងវិញ
11 អញនឹងធ្វើឲ្យទាំងមនុស្ស និងសត្វផង បានចំរើនឡើងនៅក្នុងឯង គេនឹងចំរើនឡើង ហើយសាយគ្រាយចេញទៅ នោះអញនឹងឲ្យមានមនុស្សអាស្រ័យនៅក្នុងឯងដូចយ៉ាងពីដើម ហើយប្រព្រឹត្តនឹងឯងដោយល្អជាងជាន់ដើមទៅទៀត នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត