9 ដ្បិតមើល អញកាន់ខាងឯង ហើយអញនឹងវិលមកឯឯងវិញ នោះនឹងមានគេភ្ជួររាស់ហើយសាបព្រោះឯងឡើង
10 អញនឹងឲ្យមនុស្សចំរើនឡើងនៅក្នុងឯង គឺជាពួកវង្សអ៊ីស្រាអែលទាំងមូល ដូច្នេះទីក្រុងទាំងប៉ុន្មានរបស់ឯងនឹងមានមនុស្សនៅ ហើយអស់ទាំងទីខូចបង់នឹងបានសង់ឡើងវិញ
11 អញនឹងធ្វើឲ្យទាំងមនុស្ស និងសត្វផង បានចំរើនឡើងនៅក្នុងឯង គេនឹងចំរើនឡើង ហើយសាយគ្រាយចេញទៅ នោះអញនឹងឲ្យមានមនុស្សអាស្រ័យនៅក្នុងឯងដូចយ៉ាងពីដើម ហើយប្រព្រឹត្តនឹងឯងដោយល្អជាងជាន់ដើមទៅទៀត នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
12 អើ អញនឹងឲ្យមានមនុស្សដើរលើឯង គឺអ៊ីស្រាអែលជារាស្ត្ររបស់អញ គេនឹងបានឯងជារបស់ផងគេ ហើយឯងនឹងបានជាមរដកដល់គេ នោះឯងនឹងមិនធ្វើឲ្យគេព្រាត់ប្រាសកូនទៀតឡើយ
13 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះគេនិយាយពីឯងថា ឯងជាស្រុកដែលលេបមនុស្សបាត់ ហើយបំរាសកូនរបស់សាសន៍ឯង
14 ដូច្នេះ ឯងនឹងលែងលេបមនុស្សបាត់តទៅ ក៏មិនបំរាសកូនរបស់សាសន៍ឯងទៀតឡើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
15 អញក៏មិនឲ្យឯងឮពាក្យត្មះតិះដៀលរបស់សាសន៍ដទៃទាំងប៉ុន្មានទៀតដែរ ឯងមិនត្រូវរងទ្រាំសេចក្ដីប្រមាថមើលងាយរបស់គេតទៅ ឯងនឹងមិនធ្វើជាហេតុ ឲ្យសាសន៍របស់ឯង ចំពប់ដួលទៀតឡើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។