10 ដូច្នេះ ខ្ញុំក៏ទាយដូចជាទ្រង់បង្គាប់មក រួចខ្យល់ដង្ហើមក៏ចូលទៅក្នុងសពទាំងនោះ ហើយវាក៏រស់ឡើង បានទាំងឈរឡើងជាកងទ័ពយ៉ាងធំក្រៃលែង។
11 រួចទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ឆ្អឹងទាំងនេះជាពួកវង្សអ៊ីស្រាអែលទាំងមូល មើល គេនិយាយថា ឆ្អឹងយើងរាល់គ្នាស្ងួតហែងហើយ ទីសង្ឃឹមរបស់យើងក៏បាត់អស់ទៅ យើងរាល់គ្នាត្រូវកាត់ចេញស្រឡះផង
12 ដូច្នេះ ចូរទាយប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ម្នាលរាស្ត្រអញអើយ អញនឹងបើកផ្នូរខ្មោចរបស់ឯងរាល់គ្នា ហើយនឹងធ្វើឲ្យឯងរាល់គ្នាឡើងចេញពីផ្នូរមក រួចនឹងនាំឯងឲ្យចូលទៅក្នុងស្រុកអ៊ីស្រាអែលវិញ
13 ឱរាស្ត្រអញអើយ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបើកផ្នូររបស់ឯង ឲ្យឯងបានឡើងចេញពីនោះមក
14 គ្រានោះ អញនឹងដាក់វិញ្ញាណអញនៅក្នុងឯងរាល់គ្នា ឯងនឹងមានជីវិតរស់ឡើង ហើយអញនឹងតាំងឯង ឲ្យអាស្រ័យនៅក្នុងស្រុកដែលជារបស់ផងឯង នោះឯងរាល់គ្នានឹងដឹងថា គឺអញ ជាព្រះយេហូវ៉ានេះ បានចេញវាចាហើយ ក៏បានសំរេចតាមផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
15 ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំម្តងទៀតថា
16 កូនមនុស្សអើយ ចូរយកបន្ទះឈើ១មកសរសេរចុះថា សំរាប់ពួកយូដា និងពួកកូនចៅអ៊ីស្រាអែល ជាភឿនមិត្ររបស់គេ រួចយកបន្ទះឈើ១ទៀតសរសេរថា សំរាប់ពួកយ៉ូសែប ជាឈើរបស់ពួកអេប្រាអិម និងពួកវង្សអ៊ីស្រាអែលជាភឿនមិត្ររបស់គេ