19 នោះត្រូវឲ្យប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះមើល អញនឹងយកបន្ទះឈើរបស់ពួកយ៉ូសែប ដែលនៅដៃអេប្រាអិម និងពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាន ដែលជាភឿនមិត្ររបស់គេ ដាក់ភ្ជាប់ជាមួយនឹងបន្ទះឈើ១នោះដែលជារបស់ពួកយូដា ឲ្យបានជាប់ជាបន្ទះតែ១វិញ រួចវានឹងបានជាប់តែ១នៅក្នុងដៃអញ
20 ឈើទាំង២ដែលឯងបានសរសេរចុះនោះ នឹងបាននៅក្នុងដៃឯងចំពោះភ្នែកគេ
21 ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងយកពួកកូនចៅអ៊ីស្រាអែល ចេញពីអស់ទាំងសាសន៍ដែលគេបានទៅនោះ ហើយប្រមូលមកពីគ្រប់ទិស នាំចូលទៅក្នុងស្រុករបស់ផងខ្លួន
22 អញនឹងធ្វើឲ្យគេរួមគ្នាជានគរតែ១នៅក្នុងស្រុកនោះ គឺនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែល នោះនឹងមានស្តេចតែ១អង្គធ្វើជាស្តេចលើគេគ្រប់គ្នា គេនឹងលែងធ្វើជានគរ២តទៅ ឥតដែលបែកទៅជានគរ២ទៀតឡើយ
23 ក៏មិនធ្វើឲ្យខ្លួនស្មោកគ្រោកដោយគោរពដល់រូបព្រះ ឬដោយរបស់គួរស្អប់ខ្ពើម ឬដោយអំពើរំលងរបស់ខ្លួនទៀតដែរ អញនឹងជួយសង្គ្រោះគេ ឲ្យរួចពីគ្រប់ទាំងទីអាស្រ័យនៅរបស់គេ ជាកន្លែងដែលគេបានធ្វើបាបនោះ ហើយអញនឹងជំរះគេឲ្យស្អាតវិញ យ៉ាងនោះ គេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់គេ។
24 នោះដាវីឌ ជាអ្នកបំរើរបស់អញ នឹងធ្វើជាស្តេចលើគេ ហើយគេទាំងអស់គ្នានឹងមានអ្នកគង្វាលតែ១ គេនឹងដើរតាមក្រឹត្យក្រមរបស់អញ ហើយរក្សាបញ្ញត្តច្បាប់ទាំងប៉ុន្មានរបស់អញ ព្រមទាំងប្រព្រឹត្តតាមផង
25 គេនឹងអាស្រ័យនៅក្នុងស្រុកដែលអញបានឲ្យដល់យ៉ាកុប ជាអ្នកបំរើអញ ជាស្រុកដែលពួកអយ្យកោរបស់ឯងរាល់គ្នាបានអាស្រ័យនៅដែរ នោះទាំងខ្លួនគេ និងកូនចៅរបស់គេ នឹងនៅជាប់ក្នុងស្រុកនោះជាដរាបតទៅ ហើយដាវីឌជាអ្នកបំរើអញ នឹងធ្វើជាចៅហ្វាយលើគេ ជារៀងរាបដរាបតទៅ