25 គេនឹងអាស្រ័យនៅក្នុងស្រុកដែលអញបានឲ្យដល់យ៉ាកុប ជាអ្នកបំរើអញ ជាស្រុកដែលពួកអយ្យកោរបស់ឯងរាល់គ្នាបានអាស្រ័យនៅដែរ នោះទាំងខ្លួនគេ និងកូនចៅរបស់គេ នឹងនៅជាប់ក្នុងស្រុកនោះជាដរាបតទៅ ហើយដាវីឌជាអ្នកបំរើអញ នឹងធ្វើជាចៅហ្វាយលើគេ ជារៀងរាបដរាបតទៅ
26 មួយទៀត អញនឹងតាំងសន្ធិសញ្ញានឹងគេ សញ្ញានោះនឹងនៅជាប់នឹងគេអស់កល្បជានិច្ច អញនឹងតាំងគេឡើងហើយចំរើនគេ ឲ្យមានគ្នាជាច្រើន ព្រមទាំងដាក់ទីបរិសុទ្ធរបស់អញ នៅកណ្តាលគេឲ្យនៅអស់កល្បជានិច្ច
27 ព្រះវិហាររបស់អញនឹងនៅជាមួយនឹងគេដែរ អញក៏នឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ
28 នោះអស់ទាំងសាសន៍នឹងដឹងថា អញនេះជាព្រះយេហូវ៉ា ដែលញែកពួកអ៊ីស្រាអែល ចេញជាបរិសុទ្ធ គឺក្នុងកាលដែលទីបរិសុទ្ធរបស់អញបានតាំងនៅកណ្តាលគេ ឲ្យបាននៅអស់កល្បជានិច្ច។