11 ឯងនឹងថា អញនឹងឡើងទៅឯស្រុកដែលនៅចំហ អញនឹងទៅឯពួកមនុស្ស ដែលនៅដោយឥតកង្វល់ ហើយដោយសុខសាន្ត ដែលទាំងអស់គ្នានៅដោយឥតមានកំផែង ឬទ្វារ ឬរនុកឡើយ
12 ដើម្បីនឹងចាប់យករបឹប និងរំពា ហើយត្រឡប់ដៃទៅទាស់នឹងទីខូចបង់ ដែលមានមនុស្សអាស្រ័យនៅឡើងវិញ ហើយទាស់នឹងបណ្តាមនុស្ស ដែលបានប្រមូលចេញពីគ្រប់ទាំងសាសន៍ ជាពួកអ្នកដែលចំរើនបានហ្វូងសត្វ និងទ្រព្យសម្បត្តិ ក៏នៅចំកណ្តាលផែនដី
13 ឯពួកសេបា ពួកដេដាន់ ពួកជំនួញរបស់ស្រុកតើស៊ីស ព្រមទាំងសិង្ហស្ទាវ ទាំងប៉ុន្មានរបស់ពួកទាំងនោះ គេនឹងសួរមកឯងថា តើលោកមកចាប់យករបឹបឬ តើបានប្រមូលពួកទាំងប៉ុន្មានរបស់លោក ដើម្បីនឹងចាប់យករំពាឬ តើចង់ដឹកយកប្រាក់ និងមាស ហើយនាំយកហ្វូងសត្វ និងទ្រព្យសម្បត្តិទៅឬ គឺចង់ប្លន់យករបឹបយ៉ាងច្រើនឬអី។
14 ដូច្នេះ កូនមនុស្សអើយ ចូរទាយចុះ ហើយប្រាប់កុកថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នៅថ្ងៃនោះ កាលណាអ៊ីស្រាអែល ជារាស្ត្រអញ បាននៅដោយសុខសាន្ត នោះតើឯងមិនបានដឹងទេឬ
15 ឯងនឹងចេញពីកន្លែងរបស់ឯង គឺពីស្រុកខាងជើងបំផុតមក មានទាំងសាសន៍ជាច្រើនមកជាមួយនឹងឯងផង ជាពួកកងយ៉ាងសន្ធឹក ហើយជាពលទ័ពខ្លាំងពូកែ ដែលសុទ្ធតែជិះសេះគ្រប់ៗគ្នា
16 ឯងនឹងឡើងមកទាស់នឹងអ៊ីស្រាអែល ជារាស្ត្រអញ ដូចជាពពកដែលគ្របស្រុក គឺនៅជាន់ក្រោយបង្អស់ អញនឹងនាំឯងមកទាស់នឹងស្រុកអញ ដើម្បីឲ្យអស់ទាំងសាសន៍បានស្គាល់អញ ឱកុកអើយ គឺក្នុងកាលដែលអញបានតាំងជាបរិសុទ្ធ នៅក្នុងឯងចំពោះភ្នែកគេ។
17 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា តើឯងឬអី ដែលអញបាននិយាយកាលពីដើម ដោយសារពួកអ្នកបំរើអញ គឺជាពួកហោរានៃសាសន៍អ៊ីស្រាអែលនៅជាន់នោះដែលបានទាយ ជាយូរឆ្នាំមក ដោយថា អញនឹងនាំឯងមកទាស់នឹងគេនោះ