អេសេគាល 38:12-18 KHOV

12 ដើម្បី​នឹង​ចាប់​យក​របឹប និង​រំពា ហើយ​ត្រឡប់​ដៃ​ទៅ​ទាស់​នឹង​ទី​ខូច​បង់ ដែល​មាន​មនុស្ស​អាស្រ័យ​នៅ​ឡើង​វិញ ហើយ​ទាស់​នឹង​បណ្តា​មនុស្ស ដែល​បាន​ប្រមូល​ចេញ​ពី​គ្រប់​ទាំង​សាសន៍ ជា​ពួក​អ្នក​ដែល​ចំរើន​បាន​ហ្វូង​សត្វ និង​ទ្រព្យ‌សម្បត្តិ ក៏​នៅ​ចំ​កណ្តាល​ផែនដី

13 ឯ​ពួក​សេបា ពួក​ដេដាន់ ពួក​ជំនួញ​របស់​ស្រុក​តើស៊ីស ព្រម​ទាំង​សិង្ហ​ស្ទាវ ទាំង​ប៉ុន្មាន​របស់​ពួក​ទាំង​នោះ គេ​នឹង​សួរ​មក​ឯង​ថា តើ​លោក​មក​ចាប់​យក​របឹប​ឬ តើ​បាន​ប្រមូល​ពួក​ទាំង​ប៉ុន្មាន​របស់​លោក ដើម្បី​នឹង​ចាប់​យក​រំពា​ឬ តើ​ចង់​ដឹក​យក​ប្រាក់ និង​មាស ហើយ​នាំ​យក​ហ្វូង​សត្វ និង​ទ្រព្យ‌សម្បត្តិ​ទៅ​ឬ គឺ​ចង់​ប្លន់​យក​របឹប​យ៉ាង​ច្រើន​ឬ​អី។

14 ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ទាយ​ចុះ ហើយ​ប្រាប់​កុក​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ នៅ​ថ្ងៃ​នោះ កាល​ណា​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ បាន​នៅ​ដោយ​សុខ‌សាន្ត នោះ​តើ​ឯង​មិន​បាន​ដឹង​ទេ​ឬ

15 ឯង​នឹង​ចេញ​ពី​កន្លែង​របស់​ឯង គឺ​ពី​ស្រុក​ខាង​ជើង​បំផុត​មក មាន​ទាំង​សាសន៍​ជា​ច្រើន​មក​ជា​មួយ​នឹង​ឯង​ផង ជា​ពួក​កង​យ៉ាង​សន្ធឹក ហើយ​ជា​ពល‌ទ័ព​ខ្លាំង​ពូកែ ដែល​សុទ្ធ​តែ​ជិះ​សេះ​គ្រប់ៗ​គ្នា

16 ឯង​នឹង​ឡើង​មក​ទាស់​នឹង​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ ដូច​ជា​ពពក​ដែល​គ្រប​ស្រុក គឺ​នៅ​ជាន់​ក្រោយ​បង្អស់ អញ​នឹង​នាំ​ឯង​មក​ទាស់​នឹង​ស្រុក​អញ ដើម្បី​ឲ្យ​អស់​ទាំង​សាសន៍​បាន​ស្គាល់​អញ ឱ​កុក​អើយ គឺ​ក្នុង​កាល​ដែល​អញ​បាន​តាំង​ជា​បរិសុទ្ធ នៅ​ក្នុង​ឯង​ចំពោះ​ភ្នែក​គេ។

17 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​ឯង​ឬ​អី ដែល​អញ​បាន​និយាយ​កាល​ពី​ដើម ដោយ‌សារ​ពួក​អ្នក​បំរើ​អញ គឺ​ជា​ពួក​ហោរា​នៃ​សាសន៍​អ៊ីស្រា‌អែល​នៅ​ជាន់​នោះ​ដែល​បាន​ទាយ ជា​យូរ​ឆ្នាំ​មក ដោយ​ថា អញ​នឹង​នាំ​ឯង​មក​ទាស់​នឹង​គេ​នោះ

18 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ​កាល​ណា​កុក​បាន​មក​ទាស់​នឹង​ស្រុក​អ៊ីស្រា‌អែល នោះ​សេចក្ដី​ក្រោធ​របស់​អញ​នឹង​ឆួល​ឡើង​នៅ​ច្រមុះ​អញ