13 ឯពួកសេបា ពួកដេដាន់ ពួកជំនួញរបស់ស្រុកតើស៊ីស ព្រមទាំងសិង្ហស្ទាវ ទាំងប៉ុន្មានរបស់ពួកទាំងនោះ គេនឹងសួរមកឯងថា តើលោកមកចាប់យករបឹបឬ តើបានប្រមូលពួកទាំងប៉ុន្មានរបស់លោក ដើម្បីនឹងចាប់យករំពាឬ តើចង់ដឹកយកប្រាក់ និងមាស ហើយនាំយកហ្វូងសត្វ និងទ្រព្យសម្បត្តិទៅឬ គឺចង់ប្លន់យករបឹបយ៉ាងច្រើនឬអី។
14 ដូច្នេះ កូនមនុស្សអើយ ចូរទាយចុះ ហើយប្រាប់កុកថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នៅថ្ងៃនោះ កាលណាអ៊ីស្រាអែល ជារាស្ត្រអញ បាននៅដោយសុខសាន្ត នោះតើឯងមិនបានដឹងទេឬ
15 ឯងនឹងចេញពីកន្លែងរបស់ឯង គឺពីស្រុកខាងជើងបំផុតមក មានទាំងសាសន៍ជាច្រើនមកជាមួយនឹងឯងផង ជាពួកកងយ៉ាងសន្ធឹក ហើយជាពលទ័ពខ្លាំងពូកែ ដែលសុទ្ធតែជិះសេះគ្រប់ៗគ្នា
16 ឯងនឹងឡើងមកទាស់នឹងអ៊ីស្រាអែល ជារាស្ត្រអញ ដូចជាពពកដែលគ្របស្រុក គឺនៅជាន់ក្រោយបង្អស់ អញនឹងនាំឯងមកទាស់នឹងស្រុកអញ ដើម្បីឲ្យអស់ទាំងសាសន៍បានស្គាល់អញ ឱកុកអើយ គឺក្នុងកាលដែលអញបានតាំងជាបរិសុទ្ធ នៅក្នុងឯងចំពោះភ្នែកគេ។
17 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា តើឯងឬអី ដែលអញបាននិយាយកាលពីដើម ដោយសារពួកអ្នកបំរើអញ គឺជាពួកហោរានៃសាសន៍អ៊ីស្រាអែលនៅជាន់នោះដែលបានទាយ ជាយូរឆ្នាំមក ដោយថា អញនឹងនាំឯងមកទាស់នឹងគេនោះ
18 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះកាលណាកុកបានមកទាស់នឹងស្រុកអ៊ីស្រាអែល នោះសេចក្ដីក្រោធរបស់អញនឹងឆួលឡើងនៅច្រមុះអញ
19 ដ្បិតគឺដោយសេចក្ដីប្រចណ្ឌរបស់អញ និងភ្លើងនៃសេចក្ដីក្រោធរបស់អញ ដែលអញបានថា ពិតប្រាកដជានៅថ្ងៃនោះ នឹងមានការកក្រើករំពើកជាខ្លាំង នៅក្នុងស្រុកអ៊ីស្រាអែល