1 ដូច្នេះ កូនមនុស្សអើយ ចូរទាយទាស់នឹងកុក ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ម្នាលកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក និងពួកទូបាលអើយ អញទាស់នឹងឯង
2 អញនឹងធ្វើឲ្យឯងបែរមក ហើយនាំឯងទៅមុខ ក៏នឹងបណ្តាលឲ្យឯងឡើងមកពីស្រុកខាងជើងបំផុត ព្រមទាំងនាំឯងមកលើភ្នំទាំងប៉ុន្មានរបស់ស្រុកអ៊ីស្រាអែល
3 អញនឹងវាយធ្នូចេញពីដៃឆ្វេងរបស់ឯង ហើយនឹងធ្វើឲ្យព្រួញធ្លាក់ចេញពីដៃស្តាំឯង
4 ឯងនឹងដួលនៅលើអស់ទាំងភ្នំរបស់ស្រុកអ៊ីស្រាអែល គឺទាំងឯង និងពួកកកកុញរបស់ឯង ហើយសាសន៍ទាំងប៉ុន្មានដែលនៅជាមួយផង អញនឹងប្រគល់ឯងដល់សត្វហើរផ្សេងៗដែលស៊ីគំរង់ ហើយដល់សត្វព្រៃឲ្យវាស៊ីទៅ
5 ឯងនឹងដួលនៅទីវាលទទេ ដ្បិតអញបានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា