អេសេគាល 39:10-16 KHOV

10 ឥត​ត្រូវ​ការ​រើស​រំកាច់​ឈើ​នៅ​ទី​វាល ឬ​កាប់​ឱស​នៅ​ក្នុង​ព្រៃ​ឡើយ ដ្បិត​គេ​នឹង​ប្រើ​គ្រឿង​ទាំង​នោះ​សំរាប់​ដុត​វិញ ហើយ​គេ​នឹង​រឹប‌ជាន់​ពួក​អ្នក​ដែល​បាន​រឹប‌ជាន់​ខ្លួន ព្រម​ទាំង​ប្លន់​ពួក​អ្នក​ដែល​បាន​ប្លន់​ខ្លួន​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

11 គ្រា​នោះ អញ​នឹង​ឲ្យ​កន្លែង​១​ដល់​ពួក​កុក សំរាប់​ជា​ទី​កប់​ខ្មោច​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល គឺ​ជា​ច្រក​ភ្នំ​ដែល​មនុស្ស​ដើរ​កាត់​ទៅ​ខាង​កើត​សមុទ្រ ច្រក​នោះ​នឹង​បិទ​ខ្ទប់​ពួក​អ្នក​ដើរ​កាត់ ហើយ​នៅ​ទី​នោះ​គេ​នឹង​កប់​សាក‌សព​នៃ​កុក និង​ពួក​កក‌កុញ​របស់​វា គេ​នឹង​ហៅ​ច្រក​ភ្នំ​នោះ​ថា ហាមុន-កុក

12 ពួក​វង្ស​អ៊ីស្រា‌អែល នឹង​កប់​ខ្មោច​អ្នក​ទាំង​នោះ​អស់​៧​ខែ ទើប​បាន​ហើយ ដើម្បី​នឹង​សំអាត​ស្រុក

13 អើ មនុស្ស​ទាំង​អស់​នៅ​ស្រុក​នោះ​នឹង​ធ្វើ​ការ​កប់​សព​គេ ហើយ​ការ​នោះ​នឹង​បាន​ជា​ល្បី​ដល់​គេ ក្នុង​ថ្ងៃ​ដែល​អញ​បាន​ដំកើង​ឡើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

14 គេ​នឹង​ដំរូវ​ទុក​មនុស្ស​១​ពួក ដែល​ត្រូវ​ធ្វើ​ការ​នោះ​ជានិច្ច ឲ្យ​បាន​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ជា​មួយ​នឹង​ពួក​អ្នក​ដែល​ដើរ​ដំណើរ​ទៅ​មក ដើម្បី​នឹង​កប់​សព​ដែល​សល់​នៅ​លើ​ដី​ប្រយោជន៍​នឹង​សំអាត​ស្រុក​ទៅ ក្រោយ​៧​ខែ នោះ​គេ​នឹង​ដើរ​ពិនិត្យ​មើល

15 រួច​ពួក​អ្នក​ដែល​ដើរ​ចុះ​ឡើង គេ​នឹង​ដើរ​ទៅ​មក​មើល បើ​ឃើញ​ឆ្អឹង​ខ្មោច​មនុស្ស​ណា នោះ​គេ​នឹង​តាំង​ទី​សំគាល់​១​នៅ​ជិត​ខាង ទាល់​តែ​ពួក​កប់​ខ្មោច​បាន​មក​កប់​ចោល នៅ​ក្នុង​ច្រក​ភ្នំ​ហាមុន-កុក​ទាំង​អស់​ទៅ

16 ហើយ​ទី​ក្រុង​១​នឹង​មាន​ឈ្មោះ​ហៅ​ថា ហាម៉ូណា គឺ​យ៉ាង​នោះ​ដែល​គេ​នឹង​សំអាត​ស្រុក។