អេសេគាល 39:16-22 KHOV

16 ហើយ​ទី​ក្រុង​១​នឹង​មាន​ឈ្មោះ​ហៅ​ថា ហាម៉ូណា គឺ​យ៉ាង​នោះ​ដែល​គេ​នឹង​សំអាត​ស្រុក។

17 ឯ​ឯង កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ប្រាប់​ដល់​សត្វ​ស្លាប​គ្រប់​យ៉ាង និង​ដល់​អស់​ទាំង​សត្វ​ព្រៃ​នៅ​ផែនដី​ថា ចូរ​មូល​គ្នា​មក ចូរ​ប្រជុំ​គ្នា​ពី​គ្រប់​ទិស មក​ឯ​យញ្ញ‌បូជា​របស់​អញ ដែល​អញ​ធ្វើ​សំរាប់​ឯង​រាល់​គ្នា ជា​យញ្ញ‌បូជា​យ៉ាង​ធំ នៅ​លើ​អស់​ទាំង​ភ្នំ​ស្រុក​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​ឯង​បាន​ស៊ី​សាច់ ហើយ​ផឹក​ឈាម

18 ឯង​រាល់​គ្នា​នឹង​ស៊ី​សាច់​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​ផឹក​ឈាម​របស់​ពួក​ចៅ‌ហ្វាយ​នៅ​ផែនដី ទាំង​ចៀម​ឈ្មោល កូន​ចៀម ពពែ និង​គោ​ផង សុទ្ធ​តែ​ជា​សត្វ​បំប៉ន​ពី​ស្រុក​បាសាន

19 ឯង​រាល់​គ្នា​នឹង​ស៊ី​ខ្លាញ់​ទាល់​តែ​ឆ្អែត ហើយ​ផឹក​ឈាម ទាល់​តែ​ស្រវឹង ដោយ‌សារ​យញ្ញ‌បូជា ដែល​អញ​ធ្វើ​សំរាប់​ឯង

20 នៅ​តុ​អញ ឯង​រាល់​គ្នា​នឹង​បាន​ឆ្អែត​ដោយ​សាច់​សេះ ពួក​រទេះ​ចំបាំង ពួក​មនុស្ស​ខ្លាំង​ពូកែ និង​ពួក​ទាហាន​ទាំង​ប៉ុន្មាន​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

21 អញ​នឹង​តាំង​សិរី‌ល្អ​របស់​អញ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​អស់​ទាំង​សាសន៍​នឹង​ឃើញ​សេចក្ដី​យុត្តិ‌ធម៌​របស់​អញ ដែល​បាន​សំរេច​នោះ និង​ដៃ​អញ​ដែល​បាន​ដាក់​លើ​គេ

22 យ៉ាង​នោះ​ពួក​វង្ស​អ៊ីស្រា‌អែល​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ តាំង​តែ​ពី​ថ្ងៃ​នោះ​ត​ទៅ