អេសេគាល 39:2-8 KHOV

2 អញ​នឹង​ធ្វើ​ឲ្យ​ឯង​បែរ​មក ហើយ​នាំ​ឯង​ទៅ​មុខ ក៏​នឹង​បណ្តាល​ឲ្យ​ឯង​ឡើង​មក​ពី​ស្រុក​ខាង​ជើង​បំផុត ព្រម​ទាំង​នាំ​ឯង​មក​លើ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​ស្រុក​អ៊ីស្រា‌អែល

3 អញ​នឹង​វាយ​ធ្នូ​ចេញ​ពី​ដៃ​ឆ្វេង​របស់​ឯង ហើយ​នឹង​ធ្វើ​ឲ្យ​ព្រួញ​ធ្លាក់​ចេញ​ពី​ដៃ​ស្តាំ​ឯង

4 ឯង​នឹង​ដួល​នៅ​លើ​អស់​ទាំង​ភ្នំ​របស់​ស្រុក​អ៊ីស្រា‌អែល គឺ​ទាំង​ឯង និង​ពួក​កក‌កុញ​របស់​ឯង ហើយ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ផង អញ​នឹង​ប្រគល់​ឯង​ដល់​សត្វ​ហើរ​ផ្សេងៗ​ដែល​ស៊ី​គំរង់ ហើយ​ដល់​សត្វ​ព្រៃ​ឲ្យ​វា​ស៊ី​ទៅ

5 ឯង​នឹង​ដួល​នៅ​ទី​វាល​ទទេ ដ្បិត​អញ​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

6 អញ​នឹង​ចាត់​ភ្លើង​ទៅ​លើ​ស្រុក​ម៉ាកុក ហើយ​លើ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ដោយ​សុខ‌សាន្ត​នៅ​កោះ​ទាំង‌ឡាយ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

7 អញ​នឹង​ឲ្យ​មនុស្ស​ស្គាល់​ឈ្មោះ​ដ៏​បរិសុទ្ធ​របស់​អញ នៅ​កណ្តាល​ពួក​អ៊ីស្រា‌អែល​ជា​រាស្ត្រ​អញ ក៏​មិន​ឲ្យ​ឈ្មោះ​បរិសុទ្ធ​របស់​អញ​ត្រូវ​បង្អាប់​ទៀត ដូច្នេះ អស់​ទាំង​សាសន៍​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល

8 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល ការ​នោះ​កំពុង​តែ​មក ហើយ​នឹង​បាន​សំរេច​ជា​ពិត នេះ​ហើយ​ជា​ថ្ងៃ​ដែល​អញ​បាន​ប្រាប់​នោះ