22 យ៉ាងនោះពួកវង្សអ៊ីស្រាអែលនឹងដឹងថា អញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេ តាំងតែពីថ្ងៃនោះតទៅ
23 ឯពួកសាសន៍ដទៃ គេនឹងដឹងថា ពួកវង្សអ៊ីស្រាអែលបានត្រូវដឹកនាំទៅជាឈ្លើយ ដោយព្រោះអំពើទុច្ចរិតរបស់ខ្លួន ដោយព្រោះគេប្រព្រឹត្តរំលងទាស់នឹងអញហើយ បានជាអញគេចមុខចេញពីគេ ដោយហេតុនោះ បានជាអញប្រគល់គេ ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ហើយគេត្រូវដួលដោយដាវទាំងអស់គ្នា
24 អញបានធ្វើដល់គេតាមសេចក្ដីស្មោកគ្រោក និងអំពើរំលងរបស់គេ ព្រមទាំងគេចមុខចេញពីគេផង។
25 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ឥឡូវនេះ អញនឹងនាំពួកយ៉ាកុបដែលនៅជាឈ្លើយឲ្យមកវិញ ហើយនឹងមានសេចក្ដីអាណិតមេត្តាដល់ពួកវង្សអ៊ីស្រាអែលទាំងមូល ហើយនឹងមានសេចក្ដីប្រចណ្ឌ ដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់អញ
26 ឯក្រោយដែលគេបានរងទ្រាំសេចក្ដីខ្មាស និងគ្រប់ទាំងអំពើរំលងដែលគេបានប្រព្រឹត្តទាស់នឹងអញ ក្នុងគ្រាដែលគេនៅក្នុងស្រុកខ្លួន ដោយសុខសាន្ត ឥតមានអ្នកណាបំភ័យឡើយ
27 គឺក្នុងកាលដែលអញបាននាំគេចេញពីអស់ទាំងសាសន៍មកវិញ ហើយប្រមូលគេពីគ្រប់ទាំងស្រុករបស់ខ្មាំងសត្រូវគេ ព្រមទាំងតាំងខ្លួនអញជាបរិសុទ្ធ នៅក្នុងពួកគេ ចំពោះភ្នែកសាសន៍ជាច្រើន
28 ហើយគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេ ដោយអញបានធ្វើឲ្យគេទៅជាឈ្លើយ នៅកណ្តាលអស់ទាំងសាសន៍រួចបានប្រមូលគេមក ក្នុងស្រុករបស់ខ្លួនគេវិញ ឥតទុកអ្នកណាមួយឲ្យនៅសល់ ក្នុងស្រុកទាំងនោះទៀត