អេសេគាល 39:6-12 KHOV

6 អញ​នឹង​ចាត់​ភ្លើង​ទៅ​លើ​ស្រុក​ម៉ាកុក ហើយ​លើ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ដោយ​សុខ‌សាន្ត​នៅ​កោះ​ទាំង‌ឡាយ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

7 អញ​នឹង​ឲ្យ​មនុស្ស​ស្គាល់​ឈ្មោះ​ដ៏​បរិសុទ្ធ​របស់​អញ នៅ​កណ្តាល​ពួក​អ៊ីស្រា‌អែល​ជា​រាស្ត្រ​អញ ក៏​មិន​ឲ្យ​ឈ្មោះ​បរិសុទ្ធ​របស់​អញ​ត្រូវ​បង្អាប់​ទៀត ដូច្នេះ អស់​ទាំង​សាសន៍​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល

8 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល ការ​នោះ​កំពុង​តែ​មក ហើយ​នឹង​បាន​សំរេច​ជា​ពិត នេះ​ហើយ​ជា​ថ្ងៃ​ដែល​អញ​បាន​ប្រាប់​នោះ

9 ឯ​ពួក​អ្នក​ដែល​នៅ​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​អ៊ីស្រា‌អែល គេ​នឹង​ចេញ​ទៅ​ប្រមូល​គ្រឿង​សស្ត្រា‌វុធ​ដុត​ចោល គឺ​ទាំង​ខែល​តូច ខែល​ធំ ទាំង​ធ្នូ និង​ព្រួញ ដែក​ពួយ និង​លំពែង​ផង គេ​នឹង​ដុត​គ្រឿង​ទាំង​នោះ​អស់​៧​ឆ្នាំ

10 ឥត​ត្រូវ​ការ​រើស​រំកាច់​ឈើ​នៅ​ទី​វាល ឬ​កាប់​ឱស​នៅ​ក្នុង​ព្រៃ​ឡើយ ដ្បិត​គេ​នឹង​ប្រើ​គ្រឿង​ទាំង​នោះ​សំរាប់​ដុត​វិញ ហើយ​គេ​នឹង​រឹប‌ជាន់​ពួក​អ្នក​ដែល​បាន​រឹប‌ជាន់​ខ្លួន ព្រម​ទាំង​ប្លន់​ពួក​អ្នក​ដែល​បាន​ប្លន់​ខ្លួន​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

11 គ្រា​នោះ អញ​នឹង​ឲ្យ​កន្លែង​១​ដល់​ពួក​កុក សំរាប់​ជា​ទី​កប់​ខ្មោច​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល គឺ​ជា​ច្រក​ភ្នំ​ដែល​មនុស្ស​ដើរ​កាត់​ទៅ​ខាង​កើត​សមុទ្រ ច្រក​នោះ​នឹង​បិទ​ខ្ទប់​ពួក​អ្នក​ដើរ​កាត់ ហើយ​នៅ​ទី​នោះ​គេ​នឹង​កប់​សាក‌សព​នៃ​កុក និង​ពួក​កក‌កុញ​របស់​វា គេ​នឹង​ហៅ​ច្រក​ភ្នំ​នោះ​ថា ហាមុន-កុក

12 ពួក​វង្ស​អ៊ីស្រា‌អែល នឹង​កប់​ខ្មោច​អ្នក​ទាំង​នោះ​អស់​៧​ខែ ទើប​បាន​ហើយ ដើម្បី​នឹង​សំអាត​ស្រុក