2 រួចនាំទាហានមកឡោមព័ទ្ធច្បាំងនឹងវា ព្រមទាំងសង់ប៉ម ជីកស្នាមភ្លោះ តាំងបន្ទាយទាស់នឹងវា ហើយធ្វើគ្រឿងបុកទំលាយកំផែងនៅជុំវិញផង
3 ត្រូវឲ្យយកបន្ទះដែកមកដាក់កណ្តាលឯង ហើយនឹងទីក្រុងទុកជាកំផែងដែក រួចឲ្យដំរង់មុខឯងទាស់នឹងវា នោះទីក្រុងនឹងត្រូវគេឡោមព័ទ្ធហើយ ដោយឯងឡោមព័ទ្ធច្បាំងនឹងគេដូច្នេះ ការនេះនឹងបានជាទីសំគាល់ ដល់ពួកវង្សអ៊ីស្រាអែល។
4 មួយទៀត ចូរឯងដេកផ្អៀងទៅខាងឆ្វេង ហើយផ្ទុកសេចក្ដីទុច្ចរិតរបស់ពូជពង្សអ៊ីស្រាអែល នៅលើខ្លួនចុះត្រូវឲ្យឯងទទួលសេចក្ដីទុច្ចរិតរបស់គេ តាមចំនួនថ្ងៃដែលឯងដេកផ្អៀងខាងនោះ
5 ដ្បិតអញបានរាប់ចំនួនថ្ងៃឲ្យស្មើនឹងចំនួនឆ្នាំ ដែលគេត្រូវរងសេចក្ដីទុច្ចរិតរបស់ខ្លួន គឺ៣៩០ថ្ងៃ ត្រូវឲ្យឯងទទួលអំពើទុច្ចរិតរបស់ពូជពង្សអ៊ីស្រាអែល នៅលើខ្លួនយ៉ាងដូច្នោះ
6 រួចកាលណាឯងបានសំរេចថ្ងៃទាំងនោះហើយ នោះត្រូវឲ្យឯងដេកផ្អៀងទៅខាងស្តាំវិញ ហើយត្រូវទទួលអំពើទុច្ចរិតរបស់ពូជពង្សយូដាអស់៤០ថ្ងៃទៀត អញបានកំណត់១ថ្ងៃ ទុកជា១ឆ្នាំដល់ឯង
7 លំដាប់នោះ ត្រូវឲ្យឯងដំរង់មុខទៅខាងការឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម ដោយមានដើមដៃឯងបើកទទេនៅ ហើយត្រូវទាយទាស់នឹងទីក្រុងដែរ
8 មើលអញដាក់ខ្សែនេះចងឯងជាប់ មិនឲ្យប្រែខ្លួនពីម្ខាងទៅម្ខាងឡើយ ដរាបដល់បានសំរេចកំណត់ថ្ងៃដែលឯងឡោមព័ទ្ធច្បាំងនោះ។