អេសេគាល 4:7-13 KHOV

7 លំដាប់​នោះ ត្រូវ​ឲ្យ​ឯង​ដំរង់​មុខ​ទៅ​ខាង​ការ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ដោយ​មាន​ដើម​ដៃ​ឯង​បើក​ទទេ​នៅ ហើយ​ត្រូវ​ទាយ​ទាស់​នឹង​ទី​ក្រុង​ដែរ

8 មើល​អញ​ដាក់​ខ្សែ​នេះ​ចង​ឯង​ជាប់ មិន​ឲ្យ​ប្រែ​ខ្លួន​ពី​ម្ខាង​ទៅ​ម្ខាង​ឡើយ ដរាប​ដល់​បាន​សំរេច​កំណត់​ថ្ងៃ​ដែល​ឯង​ឡោម‌ព័ទ្ធ​ច្បាំង​នោះ។

9 ត្រូវ​ឲ្យ​ឯង​យក​ម្សៅ​ភោជ្ជ‌សាលី ម្សៅ​ឱក សណ្តែក​អង្គុយ សណ្តែក‌បាយ ថ្ពៅ ហើយ​ស្រូវ​អេប៉ូត​មក​ដាក់​ក្នុង​ផើង ហើយ​ប្រើ​ធ្វើ​ជា​នំបុ័ង​សំរាប់​ខ្លួន តាម​ចំនួន​ថ្ងៃ​ដែល​ឯង​ត្រូវ​ដេក​ផ្អៀង​នោះ គឺ​ឯង​ត្រូវ​ស៊ី​នំបុ័ង​នោះ​គ្រប់​៣៩០​ថ្ងៃ

10 ឯ​អាហារ​ដែល​ឯង​នឹង​ស៊ី នោះ​ត្រូវ​ថ្លឹង​ជា​កន្លះ​នាលិ​សំរាប់​១​ថ្ងៃ ហើយ​ត្រូវ​ស៊ី​បន្តិច​ម្តងៗ

11 ក៏​ត្រូវ​ផឹក​ទឹក​ដោយ​វាល់​ដែរ គឺ​២​កំប៉ុង​ក្នុង​១​ថ្ងៃ ហើយ​ត្រូវ​ផឹក​បន្តិច​ម្តងៗ​ដូច​គ្នា

12 ត្រូវ​ឲ្យ​ឯង​ស៊ី​នំបុ័ង​នោះ​ទុក​ដូច​ជា​នំ​ម្សៅ​ឱក ហើយ​ត្រូវ​ចំអិន​នំបុ័ង​នោះ​នៅ​មុខ​គេ ដោយ​ដុត​លាមក​ដែល​ចេញ​ពី​មនុស្ស

13 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ស៊ី​នំបុ័ង​ស្មោក‌គ្រោក​របស់​គេ​យ៉ាង​ដូច្នោះ នៅ​កណ្តាល​អស់​ទាំង​សាសន៍​ដែល​អញ​បណ្តេញ​គេ​ទៅ