1 នៅឆ្នាំ២៥ ដែលយើងរាល់គ្នានៅជាឈ្លើយ លុះដល់ថ្ងៃ១០ខែដើមឆ្នាំ គឺក្នុងឆ្នាំទី១៤ តាំងពីទីក្រុងត្រូវគេវាយមក នៅថ្ងៃនោះឯង ព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតនៅលើខ្ញុំ ហើយទ្រង់នាំខ្ញុំទៅឯទីនោះ
2 ទ្រង់បាននាំខ្ញុំទៅក្នុងស្រុកអ៊ីស្រាអែល ដោយការជាក់ស្តែងរបស់ព្រះ ហើយបានដាក់ខ្ញុំចុះលើភ្នំ១យ៉ាងខ្ពស់ ដែលនៅភ្នំនោះ មានសណ្ឋានដូចជាទីក្រុង នៅប៉ែកខាងត្បូង
3 ទ្រង់នាំខ្ញុំទៅឯទីនោះ ខ្ញុំក៏ឃើញមានមនុស្សម្នាក់មានភាពដូចជាលង្ហិន ដែលកាន់ខ្សែខ្លូតទេសនៅដៃ និងបបុសសំរាប់វាស់ផង លោកឈរនៅក្នុងទ្វារ
4 មនុស្សនោះក៏និយាយមកខ្ញុំថា កូនមនុស្សអើយ ចូរពិនិត្យដោយភ្នែក ហើយស្តាប់ដោយត្រចៀកចុះ រួចយកចិត្តទុកដាក់នឹងគ្រប់ទាំងអស់ ដែលអញបង្ហាញដល់ឯង ដ្បិតបាននាំឯងមកនៅទីនេះ ប្រយោជន៍ឲ្យអញបានបង្ហាញទាំងអស់នេះដល់ឯងហើយ ដូច្នេះ ចូរប្រាប់ទាំងអស់ដែលឯងឃើញ ដល់ពួកវង្សអ៊ីស្រាអែលផង។
5 នោះក៏ឃើញមានកំផែង នៅព័ទ្ធជុំវិញ ខាងក្រៅនៃព្រះវិហារ ហើយនៅដៃមនុស្សនោះ មានបបុសសំរាប់វាស់ប្រវែង៦ហត្ថ ដែលក្នុង១ហត្ថនោះ ត្រូវជា១ហត្ថ១ទះ ដូច្នេះ លោកក៏វាស់កំរាស់កំផែងនោះត្រូវជា១ខ្នាតបបុស ហើយកំពស់ក៏១ខ្នាតនោះដែរ
6 រួចលោកទៅដល់ទ្វារដែលបើកទៅទិសខាងកើត ក៏ឡើងជណ្តើរទ្វារនោះ ទៅវាស់ទទឹងមាត់ទ្វារបាន១ខ្នាត ហើយទទឹង១ទៀតក៏បាន១ខ្នាតដូចគ្នា
7 គ្រប់ទាំងបន្ទប់ មានបណ្តោយ១ខ្នាត និងទទឹង១ខ្នាត ឯប្រឡោះកណ្តាលបន្ទប់ទាំងនោះ មាន៥ហត្ថ ហើយមាត់ទ្វារបាំងសាចនៃទ្វារខាងក្នុងក៏១ខ្នាតដែរ