4 មនុស្សនោះក៏និយាយមកខ្ញុំថា កូនមនុស្សអើយ ចូរពិនិត្យដោយភ្នែក ហើយស្តាប់ដោយត្រចៀកចុះ រួចយកចិត្តទុកដាក់នឹងគ្រប់ទាំងអស់ ដែលអញបង្ហាញដល់ឯង ដ្បិតបាននាំឯងមកនៅទីនេះ ប្រយោជន៍ឲ្យអញបានបង្ហាញទាំងអស់នេះដល់ឯងហើយ ដូច្នេះ ចូរប្រាប់ទាំងអស់ដែលឯងឃើញ ដល់ពួកវង្សអ៊ីស្រាអែលផង។
5 នោះក៏ឃើញមានកំផែង នៅព័ទ្ធជុំវិញ ខាងក្រៅនៃព្រះវិហារ ហើយនៅដៃមនុស្សនោះ មានបបុសសំរាប់វាស់ប្រវែង៦ហត្ថ ដែលក្នុង១ហត្ថនោះ ត្រូវជា១ហត្ថ១ទះ ដូច្នេះ លោកក៏វាស់កំរាស់កំផែងនោះត្រូវជា១ខ្នាតបបុស ហើយកំពស់ក៏១ខ្នាតនោះដែរ
6 រួចលោកទៅដល់ទ្វារដែលបើកទៅទិសខាងកើត ក៏ឡើងជណ្តើរទ្វារនោះ ទៅវាស់ទទឹងមាត់ទ្វារបាន១ខ្នាត ហើយទទឹង១ទៀតក៏បាន១ខ្នាតដូចគ្នា
7 គ្រប់ទាំងបន្ទប់ មានបណ្តោយ១ខ្នាត និងទទឹង១ខ្នាត ឯប្រឡោះកណ្តាលបន្ទប់ទាំងនោះ មាន៥ហត្ថ ហើយមាត់ទ្វារបាំងសាចនៃទ្វារខាងក្នុងក៏១ខ្នាតដែរ
8 លោកក៏វាស់បាំងសាចទ្វារខាងក្នុង បាន១ខ្នាត
9 រួចលោកវាស់បាំងសាចបាន៨ហត្ថ ហើយសសរបាំងសាចនោះបាន២ហត្ថ ឯបាំងសាចនៃទ្វារកំផែងនោះនៅខាងក្នុង
10 បន្ទប់ទាំងប៉ុន្មានរបស់ទ្វារខាងកើត នោះមាន៣ខាងនេះ ហើយ៣ខាងនោះ គ្រប់ទាំង៣មានទំហំដូចគ្នា ហើយសសរខាងនេះ និងនៅខាងនោះ ក៏មានទំហំដូចគ្នាដែរ