អេសេគាល 40:41-47 KHOV

41 មាន​តុ​៤​ខាង​នេះ ហើយ​៤​ខាង​នោះ ដែល​នៅ​ខាងៗ​នៃ​ទ្វារ​កំផែង គឺ​ទាំង​អស់​មាន​តុ​៨ សំរាប់​នឹង​សំឡាប់​យញ្ញ‌បូជា

42 ក៏​មាន​តុ​៤​ដាប់​ពី​ថ្ម​ប្រវែង​១​ហត្ថ​កន្លះ ទទឹង​១​ហត្ថ​កន្លះ ហើយ​កំពស់​១​ហត្ថ​សំរាប់​ដង្វាយ​ដុត ជា​កន្លែង​ដែល​ដាក់​គ្រឿង​ប្រដាប់​សំរាប់​សំឡាប់​ដង្វាយ​ដុត និង​យញ្ញ‌បូជា​នោះ

43 ហើយ​មាន​ទំពក់​ប្រវែង​១​ទះ​ភ្ជាប់​នឹង​ជញ្ជាំង​ជុំវិញ ឯ​សាច់​នៃ​ដង្វាយ​ក៏​នៅ​លើ​តុ​ទាំង​នោះ។

44 នៅ​ខាង​ក្រៅ​នៃ​ទ្វារ​ខាង​ក្នុង នោះ​មាន​បន្ទប់​សំរាប់​ពួក​ចំរៀង នៅ​ក្នុង​ទីលាន​ខាង​ក្នុង ដែល​នៅ​ត្រង់​ទ្វារ​ទិស​ខាង​ជើង ឯ​បន្ទប់​ទាំង​នោះ​បើក​ទៅ​ខាង​ត្បូង ហើយ​មាន​១​ទៀត នៅ​ត្រង់​ទ្វារ​ខាង​កើត ដែល​បើក​ទៅ​ទិស​ខាង​ជើង

45 លោក​ក៏​ប្រាប់​ខ្ញុំ​ថា បន្ទប់​១​នេះ​ដែល​បើក​ទៅ​ខាង​ត្បូង នោះ​សំរាប់​ពួក​សង្ឃ​ដែល​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ

46 ហើយ​បន្ទប់​១​ដែល​បើក​ទៅ​ខាង​ជើង នោះ​សំរាប់​ពួក​សង្ឃ​ដែល​រក្សា​បញ្ញើ​នៃ​អាស‌នា ឯ​ពួក​ទាំង​នោះ គឺ​ជា​កូន​ចៅ​របស់​សាដុក ក្នុង​ពួក​កូន​ចៅ​លេវី ដែល​ចូល​ទៅ​ជិត​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​ការ‌ងារ​ថ្វាយ​ទ្រង់

47 លោក​ក៏​វាស់​ទីលាន​បាន​ប្រវែង​១០០​ហត្ថ ទទឹង​១០០​ហត្ថ ៤​ជ្រុង​ស្មើ ហើយ​អាស‌នា​ក៏​នៅ​ពី​មុខ​ព្រះ‌វិហារ។