7 នោះទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ នេះជាទីកន្លែងនៃបល្ល័ង្កអញ ហើយជាទីសំរាប់បាតជើងអញ គឺជាកន្លែងដែលអញនឹងនៅកណ្តាលពួកកូនចៅអ៊ីស្រាអែលជាដរាបតទៅ ហើយពួកវង្សអ៊ីស្រាអែល នឹងមិនដែលបង្អាប់ឈ្មោះបរិសុទ្ធរបស់អញទៀត ទោះទាំងខ្លួនគេ និងពួកស្តេចគេផង ដោយការកំផិតរបស់គេ ឬដោយសាកសពនៃស្តេចគេដែលបានតម្កល់ទុក
8 ឬដោយគេធ្វើមាត់ទ្វារគេ ក្បែរមាត់ទ្វាររបស់អញ និងក្របទ្វារគេ ផ្ទាប់នឹងក្របទ្វាររបស់អញ ឲ្យមានតែជញ្ជាំងនៅកណ្តាលអញនឹងគេ ហើយគេបានបង្អាប់ឈ្មោះបរិសុទ្ធរបស់អញ ដោយអំពើដ៏គួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្ត ដោយហេតុនោះបានជាអញធ្វើឲ្យគេសាបសូន្យទៅ ដោយសេចក្ដីកំហឹងរបស់អញ
9 ឥឡូវនេះ ត្រូវឲ្យគេលះចោលការកំផិត និងសាកសពនៃស្តេចគេចេញឆ្ងាយពីអញទៅ នោះអញនឹងនៅកណ្តាលពួកគេជាដរាបរៀងតទៅ។
10 ឯឯង កូនមនុស្សអើយ ចូរបង្ហាញព្រះវិហារនេះដល់ពួកវង្សអ៊ីស្រាអែលចុះ ដើម្បីឲ្យគេមានសេចក្ដីខ្មាសចំពោះអំពើទុច្ចរិតរបស់គេ ហើយឲ្យគេវាស់គំរូផង
11 បើគេមានសេចក្ដីខ្មាស ចំពោះការទាំងប៉ុន្មានដែលគេប្រព្រឹត្ត នោះត្រូវឲ្យគេស្គាល់រាង និងបែបផែននៃព្រះវិហារ ព្រមទាំងផ្លូវចេញចូល និងសណ្ឋានគ្រប់យ៉ាង ហើយក្រឹត្យក្រមគ្រប់ចំពូក នូវអស់ទាំងបញ្ញត្តច្បាប់នៃព្រះវិហារផង ចូរកត់ទុកទាំងអស់នៅចំពោះភ្នែកគេ ដើម្បីឲ្យគេបានរក្សាទុកនូវសណ្ឋានគ្រប់យ៉ាង និងក្រឹត្យក្រមទាំងប៉ុន្មាន ព្រមទាំងធ្វើតាមផង
12 នេះហើយជាច្បាប់នៃព្រះវិហារនៅលើកំពូលភ្នំនោះ ហើយតាមព្រំនៅជុំវិញទាំងអស់ នោះត្រូវជាទីបរិសុទ្ធបំផុត មើល នេះឯងជាច្បាប់នៃព្រះវិហារ។
13 នេះជាទំហំនៃអាសនា ដែលវាស់តាមហត្ថ គឺហត្ថធំដែលត្រូវជា១ហត្ថ១ទះ បាតនៃអាសនាបាន១ហត្ថ ទទឹង១ហត្ថ ហើយគែមនៅជុំវិញហាម បាន១ចំអាម នោះជាជើងនៃអាសនា