13 គេមិនត្រូវចូលមកជិតអញ ដើម្បីធ្វើការងារជាសង្ឃដល់អញ ឬចូលទៅជិតរបស់បរិសុទ្ធណាមួយ ក្នុងអស់ទាំងវត្ថុបរិសុទ្ធបំផុតរបស់អញឡើយ គឺគេត្រូវរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន និងអំពើគួរស្អប់ខ្ពើមដែលគេបានប្រព្រឹត្តនោះ
14 ប៉ុន្តែអញនឹងតាំងគេជាអ្នករក្សាបញ្ញើនៃព្រះវិហារ សំរាប់គ្រប់ការងារទាំងនោះ និងគ្រប់អស់ទាំងការដែលត្រូវធ្វើក្នុងទីនោះដែរ។
15 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯពួកលេវីដែលជាសង្ឃ ជាកូនសាដុក ដែលបានរក្សាបញ្ញើទីបរិសុទ្ធរបស់អញ នៅវេលាដែលពួកកូនចៅអ៊ីស្រាអែលបានវង្វេងចាកចេញពីអញ ពួកនោះនឹងចូលមកជិតអញ ដើម្បីនឹងធ្វើការងារដល់អញវិញ ព្រមទាំងឈរនៅមុខអញ ដើម្បីថ្វាយខ្លាញ់ និងឈាមផង
16 គេនឹងចូលមកក្នុងទីបរិសុទ្ធរបស់អញ ក៏ចូលមកជិតតុរបស់អញ ដើម្បីនឹងធ្វើការងារដល់អញ ព្រមទាំងរក្សាបញ្ញើរបស់អញផង
17 កាលណាគេចូលទៅតាមទ្វារកំផែងទីលានខាងក្នុង នោះគេនឹងត្រូវស្លៀកពាក់ ដោយសំពត់ទេសឯក ឥតមានស្លៀកពាក់អ្វីធ្វើពីរោមចៀម កំពុងដែលគេធ្វើការងារ នៅខាងក្នុងទ្វារទីលានខាងក្នុង ហើយក្នុងព្រះវិហារឡើយ
18 គេត្រូវជួតឈ្នួតធ្វើពីសំពត់ទេសឯក នៅលើក្បាល ហើយស្លៀកពាក់ខោស្នាប់ភ្លៅទេសឯកដែរ គេមិនត្រូវក្រវាត់ខ្លួន ដោយអ្វីដែលនាំឲ្យបែកញើសទេ
19 រួចកាលណាគេចេញទៅឯទីលានខាងក្រៅ គឺទៅឯបណ្តាជនដែលនៅទីលានខាងក្រៅ នោះគេត្រូវដោះសំលៀកបំពាក់ ដែលគេស្លៀកពាក់សំរាប់ធ្វើការងារចេញ ដាក់ទុកក្នុងបន្ទប់បរិសុទ្ធទាំងប៉ុន្មាន ហើយត្រូវស្លៀកពាក់ផ្សេងវិញ ដើម្បីមិនឲ្យគេញែកបណ្តាជនចេញជាបរិសុទ្ធ ដោយសារសំលៀកបំពាក់របស់គេ