អេសេគាល 44:25-31 KHOV

25 មិន​ត្រូវ​ឲ្យ​គេ​ចូល​ទៅ​ជិត​ខ្មោច​ស្លាប់​ណា ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង​ឡើយ វៀរ​តែ​ខ្មោច​ឪពុក ឬ​ម្តាយ កូន​ប្រុស ឬ​កូន​ស្រី បង​ប្អូន​ប្រុស ឬ​បង​ប្អូន​ស្រី ដែល​មិន​ទាន់​មាន​ប្ដី​នៅ​ឡើយ នោះ​គេ​នឹង​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ខ្មោច​អ្នក​ទាំង​នោះ​បាន

26 រួច​កាល​ណា​បាន​សំអាត​ខ្លួន​វិញ​ហើយ នោះ​ត្រូវ​រាប់​៧​ថ្ងៃ​ដល់​សង្ឃ​នោះ

27 លុះ​ដល់​ថ្ងៃ​ដែល​ចូល​ទៅ​ក្នុង​ទីលាន​ខាង​ក្នុង​នៃ​ទី​បរិសុទ្ធ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ នោះ​ត្រូវ​ថ្វាយ​ដង្វាយ​លោះ​បាប​របស់​ខ្លួន នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

28 ត្រូវ​ឲ្យ​គេ​មាន​មរដក​ដែរ គឺ​អញ​ជា​មរដក​របស់​គេ ឯង​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​គេ​មាន​កេរ‌អាករ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ ដ្បិត​អញ​ជា​កេរ‌អាករ​របស់​គេ​ហើយ

29 គេ​នឹង​ស៊ី​ដង្វាយ​ម្សៅ ដង្វាយ​លោះ​បាប និង​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ហើយ​គ្រប់​របស់​ទាំង​អស់ ដែល​បាន​ថ្វាយ​ដាច់​ដល់​ព្រះ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល នោះ​នឹង​បាន​ជា​របស់​ផង​គេ​ទាំង​អស់

30 ឯ​ចំណែក​ដំបូង​ពី​ផល​ដំបូង​គ្រប់​យ៉ាង និង​អស់​ទាំង​ដង្វាយ ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​គ្រប់​មុខ ពី​អស់​ទាំង​ដង្វាយ​លើក​ចុះ​ឡើង​របស់​ឯង​រាល់​គ្នា នោះ​សុទ្ធ​តែ​ជា​របស់​ផង​ពួក​សង្ឃ​ឯង​រាល់​គ្នា ក៏​ត្រូវ​ឲ្យ​ម្សៅ​ដំបូង​របស់​ឯង ដល់​ពួក​សង្ឃ​ដែរ ដើម្បី​ឲ្យ​បាន​ព្រះ‌ពរ​ស្ថិត​លើ​ផ្ទះ​ឯង

31 ពួក​សង្ឃ​មិន​ត្រូវ​ស៊ី​អ្វី​ដែល​ស្លាប់​ដោយ​ខ្លួន​ឯង ឬ​ដែល​សត្វ​ណា​បាន​ហែក‌ហួរ ទោះ​បើ​ជា​សត្វ​ហើរ ឬ​សត្វ​ជើង​៤​ក្តី។