6 រួចត្រូវឲ្យឯងប្រាប់ដល់ពួករឹងចចេស គឺដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឲ្យពួកវង្សអ៊ីស្រាអែលអើយ ត្រូវឲ្យការគួរស្អប់ខ្ពើមរបស់ឯងបានល្មមដល់ឯងប៉ុណ្ណឹងចុះ
7 គឺជាការដែលឯងរាល់គ្នាបាននាំពួកសាសន៍ដទៃ ជាមនុស្សដែលមិនទទួលកាត់ស្បែកខាងចិត្ត ហើយខាងរូបសាច់ផង ឲ្យចូលមកនៅក្នុងទីបរិសុទ្ធរបស់អញ ដើម្បីនឹងបង្អាប់ទីលំនៅរបស់អញ ក្នុងកាលដែលឯងរាល់គ្នាបានថ្វាយនំបុ័ងរបស់អញ ព្រមទាំងខ្លាញ់ និងឈាមផង ហើយបានផ្តាច់សេចក្ដីសញ្ញារបស់អញ ដោយអស់ទាំងអំពើគួរស្អប់ខ្ពើមដែលឯងប្រព្រឹត្តនោះ
8 ហើយឯងរាល់គ្នាមិនបានរក្សាបញ្ញើនៃរបស់បរិសុទ្ធដែលអញផ្ញើទុកនឹងឯង គឺបានតាំងគេឲ្យរក្សាបញ្ញើរបស់អញ នៅទីបរិសុទ្ធតាមអំពើចិត្តឯងវិញ។
9 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មិនត្រូវឲ្យមានសាសន៍ដទៃណាមួយ ក្នុងពួកសាសន៍ដទៃដែលនៅកណ្តាលពួកកូនចៅអ៊ីស្រាអែល ជាអ្នកដែលមិនទទួលកាត់ស្បែកខាងចិត្ត និងខាងរូបសាច់ផង បានចូលទៅក្នុងទីបរិសុទ្ធរបស់អញឡើយ។
10 ឯពួកលេវីដែលបានឃ្លាតឆ្ងាយពីអញ ក្នុងកាលដែលពួកអ៊ីស្រាអែលវង្វេងចេញ គឺដែលគេបានលះចោលអញ ទៅតាមរូបព្រះទាំងប៉ុន្មានរបស់គេ គេនឹងត្រូវរងទ្រាំសេចក្ដីទុច្ចរិតរបស់ខ្លួន
11 ប៉ុន្តែគេនឹងបានជាអ្នកធ្វើការងារ នៅក្នុងទីបរិសុទ្ធរបស់អញ ព្រមទាំងមានអំណាចត្រួតត្រានៅអស់ទាំងទ្វារនៃព្រះវិហារ ហើយទាំងធ្វើការងារក្នុងព្រះវិហារផង គេត្រូវសំឡាប់ដង្វាយដុត និងយញ្ញបូជាសំរាប់បណ្តាជន ហើយត្រូវឲ្យគេឈរនៅមុខបណ្តាជន ដើម្បីធ្វើការងារជំនួស
12 ហេតុដោយព្រោះគេបានធ្វើការងារឲ្យ នៅចំពោះរូបព្រះរបស់គេ ហើយបានត្រឡប់ជាសេចក្ដីទុច្ចរិត ដែលនាំឲ្យពួកវង្សអ៊ីស្រាអែលចំពប់ដួល បានជាព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា អញបានលើកដៃ ទាស់នឹងគេ ហើយគេនឹងត្រូវរងទ្រាំសេចក្ដីទុច្ចរិតរបស់ខ្លួន