14 ឯកំណត់ប្រេងដែលត្រូវថ្វាយ ក្នុងប្រេង១បាថ នោះគឺក្នុង១គ័រត្រូវថ្វាយ១ភាគក្នុង៥ក្នុង១បាថ ឯ១គ័រ នោះស្មើនឹង១ហូមើរ គឺត្រូវជា១០បាថ ដ្បិត១០បាថត្រូវជា១ហូមើរដែរ
15 ឯហ្វូងចៀម នោះត្រូវយក១ក្នុង២០០ ដែលរកស៊ីនៅវាលស្មៅយ៉ាងល្អនៅស្រុកអ៊ីស្រាអែលមកថ្វាយ ព្រមទាំងដង្វាយម្សៅ ដង្វាយដុត និងដង្វាយមេត្រី ដើម្បីឲ្យបានធួននឹងគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
16 បណ្តាជនទាំងឡាយនៅក្នុងស្រុក ត្រូវច្រាក់គ្នាថ្វាយដង្វាយនេះសំរាប់ចៅហ្វាយនៃសាសន៍អ៊ីស្រាអែល
17 ឯដង្វាយដុត ដង្វាយម្សៅ និងដង្វាយច្រួច នៅថ្ងៃបុណ្យ នៅថ្ងៃដើមខែ ហើយនៅថ្ងៃឈប់សំរាក គឺនៅគ្រប់ទាំងបុណ្យមានកំណត់របស់ពួកវង្សអ៊ីស្រាអែល នោះស្រេចនៅលើចៅហ្វាយវិញ លោកត្រូវរៀបចំដង្វាយសំរាប់លោះបាប ដង្វាយម្សៅ ដង្វាយដុត និងដង្វាយមេត្រី ដើម្បីឲ្យបានធួននឹងពួកវង្សសាសន៍អ៊ីស្រាអែល។
18 ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា លុះដល់ថ្ងៃទី១ ក្នុងខែដំបូង នោះត្រូវឲ្យឯងយកគោឈ្មោលស្ទាវ១ឥតខ្ចោះ ហើយត្រូវសំអាតទីបរិសុទ្ធ
19 ឯសង្ឃត្រូវយកឈាមដង្វាយលោះបាបនោះ ទៅប្រឡាក់នៅក្របទ្វារព្រះវិហារ ហើយនៅគន្លាក់នៃអាសនាទាំង៤ជ្រុង ព្រមទាំងនៅក្របទ្វារកំផែងនៃទីលានខាងក្នុងផង
20 ហើយនៅថ្ងៃទី៧ខែនោះ ត្រូវធ្វើដូចគ្នាទៀត សំរាប់អស់អ្នកណាដែលវង្វេងចេញ ហើយសំរាប់អ្នកណាដែលខ្លៅល្ងង់ដែរ យ៉ាងនោះឯងនឹងបានធួននឹងព្រះវិហារ។